អ៊ុយក្រែន ថារុស្ស៉ីបើកការវាយប្រហារដ៏ខ្លាំងមួយប្រចាំឆ្នាំ ផ្តាច់ជីវិតមនុស្ស៤នាក់នៅទីក្រុង Kharkiv ហើយរដ្ឋធានីកៀវ ត្រូវផ្តាច់ចរន្តអគ្គិសនី
13-01-2026 15:08
(កៀវ)៖ នាថ្ងៃអង្គារនេះ អ៊ុយក្រែនបានអះអាងថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារមីស៉ីលដ៏ខ្លាំងមួយប្រចាំឆ្នាំនេះ ដោយជាលទ្ធផលបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៤នាក់បាត់បង់ជីវិត និងមួយចំនួនផ្សេងទៀតរងរបួស ហើយការផ្តាច់ចរន្តអគ្គិសនី ត្រូវបានធ្វើឡើងនៅរដ្ឋធានីកៀវ ក្រោយមានការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦។
ក្រុមហ៊ុនប្រតិបត្តិករនៃបណ្តាញផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា ការកាត់ផ្តាច់ថាមពលជាបន្ទាន់ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកៀវ ដោយសារហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងការខូចខាត បន្ទាប់ពីអ្វីដែលប្រធានរដ្ឋបាលយោធារបស់ទីក្រុង លោក Tymur Tkachenko បានពិពណ៌នាថា ជាការវាយប្រហារមីស៉ីលមានរយៈពេលខ្លីប៉ុន្តែដ៏ខ្លាំងមួយ មកលើអ៊ុយក្រែន។ ទីក្រុង Kharkiv ក៏បានស្ថិតក្រោមការវាយប្រហាររបស់រុស្ស៉ីផងដែរ ដោយមនុស្ស៤នាក់បានស្លាប់ និង៦នាក់ទៀតបានរងរបួស ហើយអគារមួយចំនួន បានរងការបំផ្លិចបំផ្លាញ និងឆាបឆេះនៅទីនោះ។ រីឯនៅទីក្រុង២ទៀត គឺ Odesa និង Kryvyi Rih ក៏មានមនុស្សរបួស និងអគាររងការខូចខាតដូចគ្នា។
គួរបញ្ជាក់ថា រុស្ស៉ីបានវាយប្រហារម្តងហើយម្តងទៀត ដោយកំណត់គោលដៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូននិងមីស៉ីល ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ខ្លួន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបង្កការំខានចំពោះការផ្គត់ផ្គង់អគ្គិសនីនិងកម្តៅ អំឡុងរដូវរងា ស្របពេលដែលសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន កាន់តែពិបាកទៅៗក្នុងការបាញ់ស្ទាក់៕





