FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីគុយបា ថាមិនមានកិច្ចសន្ទនាណាមួយជាមួយអាមេរិកទេ ក្រោយការគំរាមរបស់លោក ត្រាំ (Video inside)

13-01-2026 14:42

(ឡាហាវ៉ាន់)៖ កាលពីថ្ងៃចន្ទ ទី១២ ខែមករា មេដឹកនាំគុយបា បាននិយាយថា ពុំមានកិច្ចសន្ទនាណាមួយ កំពុងធ្វើឡើងជាមួយសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានឱ្យប្រទេសដែនកោះនៃតំបន់ Caribbean មួយនេះ ស្វែងរកកិច្ចព្រមព្រៀង បើមិនចង់ទទួលរងផលវិបាក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«មិនមានកិច្ចសន្ទនាណាមួយទេជាមួយរដ្ឋាភិបាលអាមេរិក លើកលែងតែការទាក់ទងគ្នាផ្នែកបចេ្ចកទេស ពាក់ព័ន្ធអន្តោប្រវេសន៍»។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្តាញសង្គម X បន្ទាប់ពីលោក ត្រាំ បាននិយាយថា ប្រទេសទាំងពីរកំពុងស្ថិតក្នុងកិច្ចពិភាក្សា បន្ទាប់ពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងឡាហាវ៉ាន់។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ត្រាំ បានទទូចឱ្យទីក្រុងឡាហាវ៉ាន់ ស្វែងរកកិច្ចព្រមព្រៀងជាមួយអាមេរិកឱ្យបានឆាប់ កុំឱ្យហួសពេល ដោយលោកបានគំរាមថា នឹងកាត់ផ្តាច់ប្រេងនិងប្រាក់ចំណូលទាំងអស់ ដែលវ៉េណេស៊ុយអេឡាបានផ្តល់ឱ្យគុយបា មុនការចាប់ខ្លួនលោក Maduro ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែមករា។ ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើគុយបាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែឥឡូវលោក ត្រាំ បានបង្កើនសម្ពាធកាន់តែខ្លាំងជាងមុនថែមទៀត។

គួរបញ្ជាក់ថា ឆ្លើយតបការព្រមានរបស់លោក ត្រាំ លោក Diaz-Canel កាលពីថ្ងៃចន្ទ បានបង្ហាញការមិនពេញចិត្ត ដោយនិយាយថា ពុំមាននរណាម្នាក់អាចមកបង្គាប់បញ្ជា នូវអ្វីដែលប្រទេសគុយបាត្រូវធ្វើឡើយ ហើយទំនាក់ទំនងរបស់គុយបា​ជាមួយសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែឈរលើច្បាប់អន្តរជាតិ ជាជាងផ្អែកលើអរិភាព ការសម្លុតគំរាម និងការដាក់គំនាបសេដ្ឋកិច្ច៕