ប្រធានាធិបតីម៉ិកស៉ិក អះអាងថា នឹងមិនមានអន្តរាគមន៍យោធារបស់អាមេរិកឡើយ ក្រោយកិច្ចសន្ទនាជាមួយលោក ត្រាំ (Video inside)
13-01-2026 14:18
(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា នឹងមិនមានការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសម៉ិកស៉ិក ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀនឡើយ បន្ទាប់ពីលោកស្រីបានបើកកិច្ចសន្ទនា ដែលលោកស្រីអះអាងថា បានប្រព្រឹត្តទៅយ៉ាងប្រសើរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីសន្តិសុខនិងបញ្ហាជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦។
លោកស្រី Sheinbaum បានឱ្យដឹងថា លោកស្រីបានបដិសេធសំណើធ្វើសកម្មភាពយោធាពីលោក ត្រាំ ហើយបានអះអាងថា នឹងមិនមានអន្តរាគមន៍យោធាអាមេរិកឡើយ។ លោកស្រីបានបន្ថែមថា លោកស្រីនឹងស្វែងរកកិច្ចសន្ទនាមួយផ្សេងទៀត ប្រសិនបើអាមេរិក ចេញសេចក្តីថ្លែងការណ៍ផ្ទុយពីនេះ។
បើតាមលោកស្រីប្រធានាធិបតី កាលពីថ្ងៃចន្ទ លោកស្រី និងលោក ត្រាំ បានជជែកគ្នាអំពីបញ្ហាសន្តិសុខដោយមានការគោរពចំពោះ អធិបតេយ្យរបស់ប្រទេសម៉ិកស៉ិក និងអំពីការកាត់បន្ថយអំពើជួញដូរគ្រឿងញៀន ព្រមទាំងពាណិជ្ជកម្មនិងការវិនិយោគ។ លោកស្រី Sheinbaum បានគូសបញ្ជាក់ថា រដ្ឋាភិបាលម៉ិកស៉ិក នឹងបន្តធ្វើកិច្ចសហការ ជាមួយប្រទេសនានា ដោយស្របទៅតាមក្របខណ្ឌនៃអធិបតេយ្យជាតិ ហើយម៉ិកស៉ិកចង់បានកិច្ចសហប្រតិបត្តិការ ប៉ុន្តែមិនអាចចំណុះប្រទេសដទៃឡើយ។
កាលពីសប្តាហ៍មុន ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ត្រាំ បានអះអាងថា ពួកឧក្រិដ្ឋជនគ្រឿងញៀន ហាក់កំពុងតែគ្រប់គ្រងប្រទេសម៉ិកស៉ិក ហើយបានលើកឡើងថា សហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារលើគោលដៅនៅដីគោក ដើម្បីប្រឆាំងក្រុមទាំងនោះ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយបែបនោះរបស់លោក ត្រាំ គឺជាសម្តីថ្មីចុងក្រោយបង្អស់ ក្នុងចំណោមការគំរាមកាន់តែខ្លាំងឡើង ជាបន្តបន្ទាប់របស់លោក ដែលមានគោលដៅចង់ដាក់ពង្រាយកងកម្លាំងយោធាអាមេរិក ដើម្បីប្រឆាំងពួកឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងទឹកដីរបស់ម៉ិកស៉ិក៕




