FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ជម្លោះរវាងជប៉ុននិងចិន គឺមិនល្អនោះទេសម្រាប់សន្តិភាពក្នុងតំបន់ (Video inside)

13-01-2026 13:44

(សេអ៊ូល)៖ កាលពីថ្ងៃចន្ទ ទី១២ ខែមករា ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា ជម្លោះរវាងចិននិងជប៉ុនគឺមិនល្អសោះឡើយ សម្រាប់សន្តិភាពនៅក្នុងតំបន់ ហើយលោកបានបន្ថែមថា ទីក្រុងសេអ៊ូលនឹងមិនលូកដៃ​ជ្រៀតជ្រែកក្នុងទំនាស់នេះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាថ្ងៃអង្គារនេះ លោក Lee បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ដោយមេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាអំពីបញ្ហាក្នុងតំបន់និងសកល ចំពោះមុខភាពតានតឹងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង។

វាគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក Lee ទៅកាន់ប្រទេសជប៉ុន ក្រោយទស្សនកិច្ចកាលពីខែសីហា ឆ្នាំ២០២៥ ដែលកាលនោះ លោកបានជួបជាមួយអតីតនាយករដ្ឋមន្រ្តី លោក Shigeru Ishiba ហើយវាគឺជាជំនួបលើកទី៣របស់លោក ជាមួយលោកស្រី ​Sanae Takaichi ចាប់តាំងពីលោកស្រីបានឡើងកាន់តំណែងកាលពីខែតុលា ឆ្នាំមុន។

គួរបញ្ជាក់ថា ទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក Lee នៅជប៉ុន កើតមានឡើង បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ ទៅកាន់ប្រទេសចិន ដើម្បីបើកកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងបរិបទនៃការផ្ទុះជម្លោះការទូតរវាងចិន​និងជប៉ុន ដោយសារតែការអត្ថាធិប្បាយរបស់លោកស្រី Takaichi ស្តីអំពីកោះតៃវ៉ាន់ កាលពីខែវិច្ឆិកា ឆ្នាំមុន៕