FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី៖ ពិភពលោក ត្រូវតែជួយអ៉ីរ៉ង់ ឱ្យផ្លាស់ប្តូររបបដឹកនាំ (Video inside)

13-01-2026 11:52

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ពិភពលោកត្រូវតែជួយប្រជាជនអ៉ីរ៉ង់ ឱ្យហ៊ានចេញមុខតវ៉ា ដើម្បីរំដោះខ្លួនចេញពីការគ្រប់គ្រង ដែលនាំតែនូវទុក្ខវេទនាដល់ប្រទេសពួកគេ និងប្រទេសដទៃទៀត រួមទាំងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានពណ៌នាការតវ៉ាទូទាំងប្រទេសអ៉ីរ៉ង់ថាជា «ស្មារតីក្រោកឈរឡើង»។ លោកនិយាយថា ភាពចលាចលនេះ គួរតែអាចឱ្យរុស្ស៉ីគិតឡើងវិញពីទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់ ដែលរួមបញ្ចូលនូវការប្រើប្រាស់ដ្រូនអ៉ីរ៉ង់ Shahed យ៉ាងសន្ធឹកសន្ធាប់ក្នុងសង្រ្គាមឈ្លានពានជិត ៤ឆ្នាំមកនេះ ប្រឆាំងនឹងអ៊ុយក្រែន។

លោក ហ្សេលេនស្គី បន្ថែមថា «វាជារឿងសំខាន់ដែលពិភពលោកមិនគួររំលង។ មេដឹកនាំគ្រប់រូប គ្រប់ប្រទេស អង្គការអន្តរជាតិ ត្រូវតែចូលរួមឥឡូវនេះ ហើយជួយប្រជាជនអ៉ីរ៉ង់ ឱ្យទម្លាក់អ្នកដែលបានសាងអំពើអកុសល»

គួរបញ្ជាក់ថា រុស្ស៉ី និងអ៉ីរ៉ង់ មានទំនាក់ទំនងជិតស្និទ្ធជាងមុន តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន នាឆ្នាំ ២០២២។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី Masoud Pezeshkian បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត រយៈពេល ២០ឆ្នាំកាលពីឆ្នាំមុន ដែលធ្វើអោយទំនាក់ទំនងយោធារុស្ស៉ី-អ៉ីរ៉ង់កាន់តែស៉ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន៕