លោក ត្រាំ គំរាមយកពន្ធគយ ២៥ភាគរយលើប្រទេសណាដែលរកស៊ីជាមួយអ៉ីរ៉ង់ (Video inside)
13-01-2026 09:31
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែមករា បានគំរាមថាប្រទេសទាំងឡាយដែលបន្តរកស៊ីជាមួយអ៉ីរ៉ង់ នឹងត្រូវប្រឈមនឹង ពន្ធគយ២៥ភាគរយពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើចំណាត់ការឆ្លើយតបទៅនឹងស្ថានការណ៍នៅអ៉ីរ៉ង់ដែលកំពុងជួបប្រទះនឹងបាតុកម្មប្រឆាំង រដ្ឋាភិបាលដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ចូលជាធរមានភ្លាមៗ! ប្រទេសទាំងឡាយណាដែលបន្តរកស៊ីជាមួយ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងត្រូវបង់ពន្ធគយ២៥ភាគរយ លើពាណិជ្ជកម្មទាំងអស់ដែលពួកគេមានជាមួយសហរដ្ឋអាមេរិក»។ លោក ត្រាំមិនបានលម្អិតអ្វីបន្ថែមទេ ប៉ុន្តែ គោលដៅនាំចេញទំនិញសំខាន់ៗរបស់អ៉ីរ៉ង់ក្នុងនោះរួមមានចិន អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា។
ការគំរាមរបស់លោក ត្រាំ មិនមានជាឯកសារ ឬសេចក្ដីថ្លែងការណ៍ផ្លូវការអ្វីទេពីសេតវិមាន ហើយគេក៏មិនដឹងថាតើលោក ត្រាំ បានកំណត់គោលដៅលើដៃគូពាណិជ្ជកម្ម ទាំងអស់របស់អ៉ីរ៉ង់ ឬក៏យ៉ាងណានោះដែរ? អ៉ីរ៉ង់ដែលធ្លាប់បានធ្វើសង្រ្គាម១២ថ្ងៃជាមួយអ៉ីស្រាអែល និងការវាយប្រហារពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បាន និងកំពុង ជួបប្រទះនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតមួយមិនធ្លាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
បាតុកម្មនេះបានផ្ទុះឡើងចេញពីការខឹងសម្បារទៅនឹងវិបត្តិសេដ្ឋកិច្ចក្នុងនោះរួមមានដូចជាការឡើងថ្លៃទំនិញ និងការធ្លាក់ចុះតម្លៃរូបិយបណ្ណជាតិ។ លោក ត្រាំក៏បានគំរាមធ្វើ អន្តរាគមន៍យោធាដើម្បីជួយក្រុមបាតុករអ៉ីរ៉ង់ផងដែរ ប្រសិនបើកងកម្លាំងសន្តិសុខបាញ់សម្លាប់បាតុករ។ បើតាមអង្គការសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិក គិតចាប់តាំងពីបាតុកម្មផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែធ្នូមក មនុស្សយ៉ាងហោច ៥៩៩នាក់បានស្លាប់ ក្នុងនោះ៥១០នាក់ជាបាតុករ និង៨៩នាក់ជាកងកម្លាំងសន្តិសុខ៕
