ស្នងការអឺរ៉ុបព្រមាន៖ បើអាមេរិកប្រើកម្លាំងយកហ្គ្រីនឡែន នោះជា «ទីបញ្ចប់នៃណាតូ» (Video inside)
12-01-2026 20:11
(ស្តុកហូម)៖ ស្នងការអឺរ៉ុបទទួលបន្ទុកការពារជាតិ និងលំហអាកាស លោក អាន់ឌ្រីយូស គូប៊ីលីយូស (Andrius Kubilius) បានព្រមានយ៉ាងម៉ឺងម៉ាត់នៅថ្ងៃចន្ទនេះថា ប្រសិនបើសហរដ្ឋអាមេរិកប្រើកម្លាំងយោធាដើម្បីកាន់កាប់កោះហ្គ្រីនឡែន នោះវានឹងក្លាយជា «ទីបញ្ចប់នៃអង្គការណាតូ» ហើយសហភាពអឺរ៉ុប (EU) មានកាតព្វកិច្ចត្រូវជួយដាណឺម៉ាក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក គូប៊ីលីយូស បានលើកឡើងក្នុងសន្និសីទសន្តិសុខនៅស៊ុយអែតថា យោងតាមមាត្រា ៤២.៧ នៃសន្ធិសញ្ញា EU រដ្ឋសមាជិកមានកាតព្វកិច្ចជួយគ្នាទៅវិញទៅមក ប្រសិនបើសមាជិកណាមួយប្រឈមមុខនឹងការឈ្លានពានយោធា។ លោកបានបញ្ជាក់ថា «ប្រាកដណាស់ មានកាតព្វកិច្ចជួយគ្នាទៅវិញទៅមក...ប្រសិនបើដាណឺម៉ាកប្រឈមមុខនឹងការឈ្លានពាន»។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ មិនបានច្រានចោលលទ្ធភាពប្រើកម្លាំងដើម្បីយកដែនដីស្វយ័តនេះទេ ដោយសំអាងថាវត្តមានយោធាអាមេរិកបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងរុស្ស៊ី ឬចិនឡើយ។ លោក គូប៊ីលីយូស បានបន្ថែមថា ក្រៅពីការរំលាយណាតូ សកម្មភាពនេះក៏នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងពីសាធារណជនផងដែរ៕
