ក្រសួងការបរទេសចិន ថ្លែងអំពីស្ថានការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកាណាដានៅប្រទេសចិន
12-01-2026 17:44
(ប៉េកាំង)៖ ថ្ងៃទី១២ ខែមករា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា ប្រទេសចិនទើបប្រកាសពីព័ត៌មាន ដែលលោក Carney នាយករដ្ឋមន្រ្តីកាណាដា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន តើអ្នកនាំពាក្យអាចអធិប្បាយពីបរិបទនៃដំណើរទស្សនកិច្ចលើកនេះ និងការរំពឹងទុករបស់ភាគីចិនបានទេ?
លោកស្រី Mao Ning បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២៥មក ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកាណាដាត្រូវបានកែលម្អនិងមានការអភិវឌ្ឍជាបន្តបន្ទាប់។ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Carney បានធ្វើកិច្ចជំនួបនៅក្រុង Gyeongju កូរ៉េខាងត្បូង ដែលបានចង្អុលបង្ហាញទិសដៅ សម្រាប់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងការស្តារនិងការចាប់ដំណើរការឡើងវិញ នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Carney លើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសចិនបន្ទាប់ពីរំលងបានរយៈពេល៨ឆ្នាំ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ។ លោក Xi Jinping ប្រធានរដ្ឋចិននឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Carney ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្រ្តថ្មី សម្រាប់ការកែលម្អនិងអភិវឌ្ឍថែមមួយកម្រិតទៀត នូវទំនាក់ទំនងរវាងចិននិងកាណាដា។
លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន នឹងជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក Carney ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាយកចិត្តទុកដាក់រួម៕
វិទ្យុមិត្តភាពកម្ពុជាចិន
