FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បរិយាកាសគ្រប់គ្រងដោយផ្អែកលើច្បាប់ជាបរិយាកាសអាជីវកម្មដ៏ល្អបំផុត៖ ប្រទេសចិនអនុវត្តប្រព័ន្ធគ្រប់គ្រងប្រកបដោយស្ថិរភាព ទប់ទល់យ៉ាងសកម្មនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចអន្តរជាតិ

12-01-2026 16:56

(ប៉េកាំង)៖ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ រថយន្ត TESLA ថាមពលថ្មី ទី៩លាន គ្រឿង បានតំឡើងរួចរាល់នៅរោងចក្រទំនើប ដែលស្ថិតនៅទីក្រុងសៀងហៃប្រទេសចិន។ កាលពីខែមករាឆ្នាំ២០១៩ រោងចក្រទំនើប TESLA នៅចិនបានចាប់ផ្តើមសាងសង់ ដែលប្រើប្រាស់មិនដល់រយៈពេល ១០ខែ ក៏បានបង្កើតជាអចិ្ឆរយៈ ក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មពិភពលោក ដែល «ចាប់ផ្តើមសាងសង់ឆ្នាំណ្នឹង ដាក់ឱ្យប្រើប្រាស់នៅឆ្នាំណឹ្នង ប្រគល់ផលិតផលនៅឆ្នាំណ្នឹង»។ លោក Elon Musk បានវាយតម្លៃចំពោះល្បឿននេះថា «នេះគឺមកពីប្រទេសចិន មានការធានាខាងច្បាប់ និងអភិបាលកិច្ចដ៏មានប្រសិទ្ធភាពខ្ពស់»។ នៅពីក្រោយនេះ បានបង្ហាញឱ្យឃើញថា ប្រទេសចិនបន្តកែលម្អបរិយាកាសអាជីវកម្ម តាមរយៈការគ្រប់គ្រងដោយផ្អែកលើច្បាប់ ចិនបានទាក់ទាញសហគ្រាស ទូទាំងពិភពលោកតាមរយៈការបើកទូលាយជាលក្ខណៈប្រព័ន្ធ ទាំងនេះសុទ្ធតែបង្ហាញពីភាពប្រាកដប្រជា និងនិរន្តរភាពនៃបរិយាកាសពាណិជ្ជកម្មចិន។

នាឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំការងារមួយនៃបក្សកាន់អំណាច ស្តីពីការគ្រប់គ្រងជាតិដោយផ្អែកលើ ច្បាប់គ្រប់ជ្រុងជ្រោយ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានលើកឡើងថា «ការគ្រប់គ្រងដោយផ្អែកលើច្បាប់ គឺជាបរិយាកាសអាជីវកម្មដ៏ល្អបំផុត» ដោយឈរលើការយល់ដឹងដ៏ស៊ីជម្រៅ ចំពោះធាតុពិតនៃសេដ្ឋកិច្ចទីផ្សារសង្គមនិយមចិន។ ផ្អែកលើទស្សនគំនិតនេះ ការកសាងបរិយាកាសអាជីវកម្មរបស់ប្រទេសចិន បានផ្លាស់ប្តូរពី «ផ្អែកលើគោលនយោបាយអនុគ្រោះ» ទៅជា «ផ្អែកលើបទដ្ឋានគតិយុត្ត»

សម្រាប់បរិយាកាសអាជីវកម្ម ការគ្រប់គ្រងដោយផ្អែកលើច្បាប់ហាក់បីដូចជា «អ្នកគ្រប់គ្រងដ៏ខ្លាំងក្លា» ដែលបានជួយរក្សា ស្ថិរភាពនៃប្រព័ន្ធគ្រប់គ្រង ដើម្បីឱ្យសហគ្រាសមានជំនឿចិត្ត ក្នុងការវិនិយោគនៅចិន ជួយធានាឱ្យបានសណ្តាប់ធ្នាប់ និងភាពរស់រវើកនៃទីផ្សារ។ គិតត្រឹមឆ្នាំ២០២៥ ប្រទេសចិនបានដាក់ចេញច្បាប់និងបទប្បញ្ញត្តិជាង ២០០ ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍នៃតួអង្គទីផ្សារដោយសមភាព, បានបង្កើតតុលាការជំនាញដូចជាតុលាការសម្រាប់កម្មសិទ្ធិបញ្ញា តុលាការបណ្តាញអ៊ីនធឺណឺតជាដើម និងបានបង្កើតប្រព័ន្ធប្រកាសព័ត៌មានឥណទានសហគ្រាស និងអនុវត្តយន្តការផ្តល់រង្វាន់ និងផាក់វិន័យរួមគ្នា។ ក្របខ័ណ្ឌយន្តការដូចបានលើកឡើងខាងលើនេះ បានជំរុញឱ្យសេដ្ឋកិច្ចចិនអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។

ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការគាំពារនិយមពាណិជ្ជកម្មងើបឡើងកាន់តែខ្លាំងឡើង ប្រទេសចិនអនុវត្តការគ្រប់គ្រងដោយផ្អែកលើច្បាប់ មិនគ្រាន់តែបានពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ខ្លួនតែប៉ុណ្ណោះទេ ថែមទាំងបានជួយរក្សាស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកផងដែរ។

សូមលើកឧទាហរណ៍នៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន វាបានបង្កើតប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើច្បាប់ «1+N» ដែលកំណត់គោលនយោបាយមួយកញ្ចប់ដូចជា «អត្រាពន្ធគយស្មើសូន្យ» ជាដើម ដោយចាត់ទុក «ច្បាប់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន» ជាស្នូល។ ដោយសារមានប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើច្បាប់ប្រកបដោយស្ថិរភាព មានបរិយាកាសពាណិជ្ជកម្មបើកទូលាយ ទីនេះបានទាក់ទាញប្រមូលផ្តុំធនធានមានប្រៀប ទូទាំងសកលលោកជាបន្តបន្ទាប់ ។ ការវាយតម្លៃរបស់ធនាគារពិភពលោកបានឱ្យឃើញថា ចំណាត់ថ្នាក់នៃបរិយាកាសពាណិជ្ជកម្មនៃខេត្តហៃណានប្រទសចិន លើពិភពលោកបានកើនឡើងដល់លំដាប់ទី ១៥ ។

បើប្រៀបធៀបនឹងសហរដ្ឋអាមេរិកវិញ ដែលបានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធគយលើពិភពលោក អាចឃើញថា វិធានការលក្ខណៈគាំពារនិយមអាមេរិកបានបំផ្លាញ ខ្សែសង្វាក់ផលិតកម្មសកល ខណៈនយោបាយពាណិជ្ជកម្មនៃអាមេរិកផ្ទុយពី ច្បាប់អង្គការពាណិជ្ជកម្មពិភពលោក បានបង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ តាមពិត សង្គ្រាមពន្ធគយបានធ្វើឱ្យ ឱនភាពពាណិជ្ជកម្មនៃអាមេរិកត្រូវពង្រីក ព្រមពេលគ្នានេះដែរ អាមេរិកបានបង្ខូចដល់កេរិ៍ឈ្មោះរបស់ខ្លួន លើឆាកអន្តរជាតិ និងបានលាតត្រដាងពីចំណុចខ្វះខាត នៃគោលនយោបាយរបស់ខ្លួនផងដែរ។

លោក Xi Jinping ធ្លាប់គូសបញ្ជាក់ថា «ការកែលម្អបរិយាកាសពាណិជ្ជកម្ម ឱ្យកាន់តែប្រសើរឡើង វាគ្មានទីបញ្ចប់នោះទេ ។ ការជំរុញការកសាងបរិយាកាសពាណិជ្ជកម្មប្រកបដោយនិយតកម្ម ជាគម្រោងដំណើរការរយៈពេលយូរនិងមានលក្ខណៈប្រព័ន្ធ ។» អាចថា ប្រទេសចិននឹងបន្តពង្រីកកម្រិតនិងភាពស៊ីជម្រៅនៃការបើកទូលាយ ភាពទាក់ទាញនៃទីផ្សារចិននឹងកាន់តែខ្លាំងឡើង ថែមទៀតតាមរយៈការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅ នូវការគ្រប់គ្រងជាតិដោយផ្អែកលើច្បាប់គ្រប់ជ្រុងជ្រោយ ។ ប្រទេសចិនប្រាកដជានឹងបន្តបំពេញបន្ថែម កម្លាំងចលករកាន់តែច្រើនដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន