FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ សហរដ្ឋអាមេរិក «ដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន» ជាទង្វើគិតមិនបានវែងឆ្ងាយ  ខណ:ប្រទេសជាច្រើនគាំទ្រយ៉ាងខ្លាំងចំពោះពហុភាគីនិយម

12-01-2026 16:53

(ប៉េកាំង)៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងភាពជាដៃគូមានសារសំខាន់ណាស់ គ្មានប្រទេសណាមួយលើពិភពលោក អាចឆ្លើយតបនឹងបញ្ហាប្រឈមសកលដោយឯកតោភាគីទេ ។” ពេលថ្មីៗកន្លងទៅនេះ លោកស្រី Beate Meinl-Reisinger រដ្ឋមន្ត្រីការបរទេសអូទ្រីសបានថ្លែង ដូចការលើកឡើងខាងលើអំពីករណីដែលសហរដ្ឋអាមេរិកដកខ្លួនចេញពី អង្គការអន្តរជាតិជាច្រើនតាមបណ្តាញទំនាក់ទំនងសង្គម ។ ពេលថ្មីៗកន្លងទៅនេះសេតវិមានអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លោកត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតី ដើម្បីបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពី អង្គការអន្តរជាតិចំនួន៦៦ដែល “ផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក” ក្នុងនោះ ក៏បូករួមទាំងស្ថាប័នអង្គការសហប្រជាជាតិចំនួន៣១ដែរ ។ ចំពោះបញ្ហានេះ ប្រទេសជាច្រើនបានបង្ហាញថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ ពិតជាគិតមិនបានវែងឆ្ងាយទេ ហើយអំពាវនាវឱ្យបន្តជំរុញពហុភាគីនិយម ។

កាលពីថ្ងៃទី៩ខែមករា «កាសែត The Nation »របស់ថៃបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «តើសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦ នឹងបង្កផលប៉ះពាល់យ៉ាងណាចំពោះប្រទេសថៃ» ។ អត្ថបទនេះបានលើកឡើងថា ពេលថ្មីៗកន្លងទៅនេះ ទង្វើដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើននឹង “បង្កជាផលប៉ះពាល់យ៉ាងខ្លាំង ចំពោះសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន” ។ សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងដើរតាមមាគ៌ាដែលចាត់ទុក គោលនយោបាយផ្ទៃក្នុងជាស្នូលរបស់ខ្លួន ដែលតម្រូវឱ្យចាត់ទុកច្បាប់ផ្ទៃក្នុងរបស់អាមេរិកមានអទិភាព ជាងច្បាប់អន្តរជាតិក្នុងការប្រាស្រ័យទាក់ទង ជាមួយបរទេសទាំងអស់។

លោក Aleksandar Mitic′ អ្នកស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថាននយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ របស់ស៊ែប៊ីបានយល់ឃើញថា វិធានការរបស់អាមេរិកដែល “ដកខ្លួនចេញពីអង្គការអន្តរជាតិ”នឹងបង្កផលប៉ះពាល់ផ្ទាល់ចំពោះ “អំណាចមានបទដ្ឋាន”របស់ខ្លួន បើគិតគូរមើលឱ្យបានវែងឆ្ងាយ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលពោរពេញទៅដោយហានិភ័យ ។

លោកស្រី Vesna Pusić ឧបនាយករដ្ឋមន្ត្រីទីមួយនិងជារដ្ឋមន្ត្រីការបរទេសរបស់ក្រូអាស៊ីបានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ ជាការវាយប្រហារយ៉ាងខ្លាំងក្លាចំពោះអង្គការសហប្រជាជាតិដែលជាអង្គការពហុភាគីដ៏សំខាន់បំផុត ក៏ដូចជាសន្ធិសញ្ញាច្បាប់អន្តរជាតិពាក់ព័ន្ធ ។ លោកត្រាំកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក ហើយប៉ុនប៉ងបង្កើតសណ្តាប់ធ្នាប់ថ្មីមួយ ដែលដាក់ឱ្យច្បាប់អន្តរជាតិ និងអង្គការពហុភាគីនៅឯកោ។

លោក John Bryson សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Birmingham របស់អង់គ្លេសបានថ្លែងថា ទង្វើនេះនឹងបណ្តាលឱ្យសហរដ្ឋអាមេរិក “បាត់បង់សំឡេង” ក្នុងកិច្ចពិភាក្សាអន្តរជាតិ សេចក្តីសម្រេចចិត្តរបស់លោកត្រាំ នឹងនាំឱ្យជនជាតិអាមេរិកទាំងអស់ត្រូវស្ថិតនៅក្នុងហានិភ័យថ្មី។

ជាមួយគ្នានេះដែរ អ្នកនយោបាយសំខាន់ៗ និងបញ្ញវន្តរបស់ប្រទេសជាច្រើនបានរំលឹកឡើងវិញនូវគុណតម្លៃ នៃអភិបាលកិច្ចសកលនិងយន្តការពហុភាគី អំពាវនាវឱ្យគាំពារក្របខ័ណ្ឌអន្តរជាតិដែលចាត់ទុក សន្តិភាព និងកិច្ចសហប្រតិបត្តិការជាមូលដ្ឋាន ដើម្បីជំរុញពហុភាគីនិយមដ៏ពិតប្រាកដ។

លោកស្រី Beate Meinl-Reisinger រដ្ឋមន្ត្រីការបរទេសអូទ្រីសបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា អូទ្រីសនឹងគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយម គាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិភាពនិងសន្តិសុខ ព្រមទាំងគាំពារទំនាក់ទំនងភាពជាដៃគូអន្តរជាតិ។

លោកស្រី Angélica Reteburg សាស្ត្រាចារ្យរងនៃសកលវិទ្យាល័យ Los Andes របស់កូឡុំប៊ីបានថ្លែងថា យន្តការពហុភាគីមានអត្ថន័យសំខាន់ជាទីបំផុតចំពោះការគាំពារស្ថិរភាពពិភពលោក ការពារផលប្រយោជន៍របស់ ប្រទេសមធ្យមនិងតូច ក៏ដូចជាការបន្តជំរុញគោលដៅកាន់តែធំធេងដូចជា សាមគ្គីភាព សុខភាពនិងសុខុមាលភាព របស់មនុស្សជាតិជាដើម។

សហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិម្តងហើយម្តងទៀត បាននាំឱ្យការព្យាករណ៍នៃប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ធ្លាក់ចុះយ៉ាងកំហុក ដែលមិនត្រឹមតែនាំឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែពិបាករៀបចំផែនការប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែងាយរងការវាយប្រហារពីភាពរង្គោះរង្គើ នៃគោលនយោបាយរបស់ប្រទេសធំផងដែរ។ អត្ថន័យនៃអង្គការអន្តរជាតិ និងស្ថាប័នពហុភាគីមិនមែនតំណាងឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រទេសណាមួយទេ ប៉ុន្តែវាគឺដើម្បីគាំពារផលប្រយោជន៍រួម របស់រដ្ឋសមាជិក។

ស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្នបានបញ្ជាក់ម្តងទៀតថា មានតែប្រព័ន្ធពហុភាគីដំណើរការប្រកបដោយប្រសិទ្ធភាព ទើបអាចបង្ការការរាលដាលនៃ “ច្បាប់ព្រៃ”។ មិនថាស្ថានការណ៍មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់ ពហុភាគីនិយមជានិច្ច គាំទ្រអង្គការសហប្រជាជាតិឱ្យដើរតួនាទី ជាស្នូលក្នុងកិច្ចការអន្តរជាតិ ដើម្បីរួមគ្នាជាមួយសហគមន៍អន្តរជាតិ ជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែយុត្តិធម៌និងសមហេតុផល៕

វិទ្យុមិត្តភាពកម្ពុជាចិន