វ៉េណេស៊ុយអេឡា បានដោះលែងជនជាតិអ៉ីតាលីចំនួន ២នាក់ទៀត (Video inside)
12-01-2026 16:32
(រ៉ូម)៖ នាយករដ្ឋមន្រ្តី លោកស្រី Giorgia Meloni បានឱ្យដឹងថា ជនជាតិអ៉ីតាលី ២នាក់មានឈ្មោះ Alberto Trentini និង Mario Burlo ត្រូវបានវ៉េណេស៊ុយអេឡា ដោះលែងពីពន្ធនាគារឱ្យមានសេរីភាពឡើងវិញ ហើយយន្តហោះមួយគ្រឿង កំពុងស្ថិតនៅតាមផ្លូវពីទីក្រុងរ៉ូម ដើម្បីទៅទទួលពួកគេត្រឡប់មកផ្ទះវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០២៦។
លោកស្រី Meloni បានគូសបញ្ជាក់ថា «ខ្ញុំស្វាគមន៍ចំពោះការដោះលែងជនរួមជាតិរបស់យើង គឺ Alberto Trentini និង Mario Burlo ដែលឥឡូវនេះមានសុវត្ថិភាព នៅឯស្ថានទូតអ៉ីតាលី ក្នុងទីក្រុងការ៉ាកាស»។ ការដោះលែងនេះ ធ្វើឡើងតាមការទាមទារពីក្រុមសិទ្ធិមនុស្ស ស្ថាប័នអន្តរជាតិ និងឥស្សរជនប្រឆាំង ក្រោយសហរដ្ឋអាមេរិកវាយប្រហារវ៉េណេស៊ុយអេឡា និងចាប់ខ្លួនមេដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ។
Trentini ដែលជាបុគ្គលិកសប្បុរសធម៌មកពីទីក្រុង Venice គឺជាមនុស្សល្បីបំផុតក្នុងចំណោមជនជាតិអ៉ីតាលីច្រើនជាង ២០នាក់ ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារវ៉េណេស៊ុយអេឡា។ Trentini ត្រូវបានចាប់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ រួមជាមួយអ្នកបើកបរជនជាតិវ៉េណេស៊ុយអេឡាម្នាក់។ Trentini ធ្វើការឱ្យ Humanity & Inclusion ដែលជាអង្គការក្រៅរដ្ឋាភិបាល ជួយជនមានពិការភាព។ ចំណែក Burlo ដែលជាពាណិជ្ជករមកពីទីក្រុង Turin ក៏ត្រូវបានចាប់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ដែរ ហើយត្រូវបានឃុំខ្លួនជាមួយ Trenitini នៅពន្ធនាគារ El Rodeo I ទីក្រុងការ៉ាកាស៕


