ស៊ុយអែត គ្រោងវិនិយោគ១.៦ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាស (Video inside)
12-01-2026 15:01
(ស្តុកខុល)៖ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា រដ្ឋាភិបាលស៊ុយអែត បានប្រកាសថា ថវិកាចំនួន១៥ពាន់លានក្រោនស៊ុតអែត ឬស្មើ ១.៦ពាន់លានដុល្លារអាមេរិក នឹងត្រូវវិនិយោគទៅលើ សមត្ថភាពការពារដែនអាកាស ក្រោមគោលដៅចម្បង ដើម្បីការពារអាយុជីវិតជនស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៉ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ដូចទៅនឹងប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀតដែរ ស៊ុយអែតបានខិតខំចំណាយថវិកាយ៉ាងច្រើន ទៅក្នុងវិស័យការពារជាតិ ចាប់តាំងតែពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។ ទោះជាបែបនេះក្តី ទឹកដីដ៏ធំរបស់ស៊ុយអែត នៅតែបន្តងាយរងគ្រោះពីការគំរាមកំហែងតាមផ្លូវអាកាស។ រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson បានប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងសន្និសីទមួយស្តីពីសន្តិសុខ នៅភាគខាងជើងប្រទេសថា «បទពិសោធពីសង្រ្គាមនៅអ៊ុយក្រែន បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីសារសំខាន់ជាខ្លាំង នៃសមត្ថភាពការពារដែនអាកាស»។
គួរបញ្ជាក់ថា តាមលោក Jonson ស៊ុយអែតនឹងទិញប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ដើម្បីយកមកការពារទីក្រុង ស្ពាន ផ្លូវ រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដទៃទៀត។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ក៏បានរិះគន់ផងដែរ ចំពោះការគំរាមកំហែងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកលើកោះ Greenland និងប្រទេសដាណឺម៉ាក ហើយបាននិយាយថា សហរដ្ឋអាមេរិកគួរតែអរគុណដាណឺម៉ាក សម្រាប់ការដើរតួនាទីជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រមួយ៕



