FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមចេញដំណើរទៅជួបនាយករដ្ឋមន្រ្តីជប៉ុន មួយសប្តាហ៍ក្រោយជួបលោក ស៉ី ជីនពីង (Video inside)

12-01-2026 14:34

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងត្រូវបើកកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi នាថ្ងៃអង្គារសប្តាហ៍នេះ ពោលគឺមួយសប្តាហ៍បន្ទាប់ពីរូបលោក បានបើកកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ស្របពេលដែលទីក្រុងសេអ៊ូល ស្វែងរកការរក្សាតុល្យភាពក្នុងទំនាក់ទំនង ជាមួយប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនៅទីក្រុង Nara នៃប្រទេសជប៉ុន គឺកើតឡើង ចំពេលមានការផ្ទុះជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ។ ទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចនឹងត្រូវចាត់ទុកជា ការគំរាមកំហែងចំពោះអាយុជីវិតរបស់ប្រទេសជប៉ុន ដូច្នេះហើយអាចនាំឱ្យមានការឆ្លើយតប​ដោយយោធា ពីសំណាក់ទីក្រុងតូក្យូ។

គួរបញ្ជាក់ថា តាមទីប្រឹក្សាសន្តិសុខរបស់លោក Lee លោកប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស្រី Takaichi អាចនឹងពិភាក្សាអំពីវិវាទចិន-ជប៉ុន អំឡុងជំនួបរវាងមេដឹកនាំទាំងពីរ។ ទោះជាបែបនេះក៏ដោយ កូរ៉េខាងត្បូង ទំនងជានឹងមិនឈរនៅខាងភាគីណាមួយឡើយ ដ្បិតលោក Lee បានប្រកាន់ជំហររក្សាតុល្យភាព ក្នុងទំនាក់ទំនងរបស់ទីក្រុងសេអ៊ូល ជាមួយចិននិងជប៉ុន។ ដំណើរទស្សនកិច្ចរបស់លោក Lee ទៅកាន់ជប៉ុន នឹងមានរយៈពេល​២ថ្ងៃ ខ្លីជាងទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ទៅកាន់ប្រទេសចិន៕