FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ អះអាងថា មេដឹកនាំអ៉ីរ៉ង់បានទូរសព្ទមកសុំចរចា ក្រោយលោកគំរាមធ្វើអន្តរាគមន៍យោធា (Video inside)

12-01-2026 14:08

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំអ៉ីរ៉ង់ បានហៅទូរសព្ទមកកាន់រូបលោក ដើម្បីព្យាយាមចង់មានការចរចាគ្នា បន្ទាប់ពីរូបលោកបានគំរាមម្តងហើយម្តងទៀត ថានឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ សម្លាប់ក្រុមបាតុករមិនប្រណីដៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៉ីរ៉ង់ អស់រយៈពេលជាង២សប្តាហ៍មកហើយ និងកំពុងបន្តរីករាលដាលកាន់តែខ្លាំង បើទោះបីជា​មាន ការបង្រ្កាបដែលក្រុមសិទ្ធិមនុស្សព្រមានថា បានក្លាយជាការសម្លាប់រង្គាលក៏ដោយ។ ចលនាបាតុកម្មនេះ កើតមានឡើងដំបូង ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលនាំឱ្យទំនិញនានាឡើងថ្លៃខ្ពស់ ប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាជនអ៉ីរ៉ង់ ហើយឥឡូវវា​កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់របបដឹកនាំរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលមានអាយុ៨៦ឆ្នាំ គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩។

យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៉ីរ៉ង់ CHRI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺខ្លួនទទួលបានការអះអាងពីសាក្សី និង​សេចក្តីរាយការណ៍អាចជឿជាក់បាន ដែលបង្ហាញថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅទូទាំងអ៉ីរ៉ង់ អំឡុងការបិទបណ្តាញអ៉ីនធើណិត នាពេលនេះ ពោលគឺសកម្មភាពសម្លាប់រង្គាលកំពុងតែប្រព្រឹត្តទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ តួលេខចុងក្រោយបង្អស់នៃអ្នកស្លាប់ ក្នុងការបង្រ្កាបបាតុកម្មនៅអ៉ីរ៉ង់ គឺមានយ៉ាងហោច៥៣៨នាក់ ខណៈជាង១០ ៦០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួន។

គួរបញ្ជាក់ថា យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ បានបង្ហាញឆន្ទៈចង់ចរចាគ្នា។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំអ៉ីរ៉ង់ បានហៅទូរសព្ទមកកាលពី​ម្សិលមិញ។ ជំនួបមួយកំពុងត្រូវបានរៀបចំ... ពួកគេមានបំណងចង់ចរចា»។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «យើងប្រហែលជាត្រូវធ្វើសកម្មភាព មុនពេលមានការជួបគ្នា»៕