FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនស្តេចសាហ៍អ៉ីរ៉ង់ដែលរស់នៅអាមេរិក អំពាវនាវឱ្យកងកម្លាំងសន្តិសុខឈរនៅជាមួយប្រជាជន ចំពោះមុខការផ្ទុះបាតុកម្មទូទាំងប្រទេសអ៉ីរ៉ង់ (Video inside)

12-01-2026 13:11

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា កូនប្រុសរបស់អតីតស្តេចសាហ៍ (shah) នៃប្រទេសអ៉ីរ៉ង់ បានចេញមុខទទូចឱ្យ​បុគ្គលិករដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខ ចូលរួមជាមួយចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបាននិងកំពុងរីករាលដាលនៅក្នុង​សាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«បុគ្គលិកស្ថាប័នរដ្ឋ ព្រមទាំងសមាជិកនៃកម្លាំងប្រដាប់អាវុធនិងកម្លាំងសន្តិសុខ ត្រូវជ្រើសរើសយកជម្រើសមួយ គឺឈរនៅជាមួយ​ប្រជាជនហើយក្លាយជាសម្ព័ន្ធមិត្តរបស់ប្រជាជាតិ ឬមួយក៏គប់គិតជាមួយពួកឃាតករ ដែលកាប់សម្លាប់ប្រជាជន»។ កូនប្រុសស្តេចសាហ៍អ៉ីរ៉ង់ លោក Reza Pahlavi បានបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្តាញសង្គម បន្ទាប់ពីក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ថា មនុស្សកើនដល់ជាង៥០០នាក់ហើយបានស្លាប់ ខណៈអាជ្ញាធរអ៉ីរ៉ង់ កំពុងធ្វើការសម្លាប់រង្គាល ដើម្បីបង្រ្កាបភាពវឹកវរ។

Pahlavi ក៏បានអំពាវនាវផងដែរឱ្យមានការប្តូរទង់ជាតិ នៅតាមស្ថានទូតអ៉ីរ៉ង់ក្នុងបណ្តាប្រទេសនានា ជំនួសដោយទង់ជាតិកាលពី​សម័យមុនបដិវត្តន៍អ៉ីស្លាមវិញ។ លោក Phalavi បាននិយាយយ៉ាងដូច្នេះថា «វាដល់ពេលហើយ ដែលស្ថានទូតទាំងនោះ ត្រូវបំពាក់ទង់នៃប្រជាជាតិអ៉ីរ៉ង់ ជំនួសឱ្យទង់ដ៏អាម៉ាស់នៃសាធារណរដ្ឋអ៉ីស្លាម»។ ទង់ជាតិអ៉ីរ៉ង់មុនបដិវត្តន៍អ៉ីស្លាម បានក្លាយជា​និមិត្តសញ្ញាមួយនៃសកម្មភាពប្រមូលផ្តុំនៅជុំវិញពិភពលោក ដែលបានលេចឡើង ដើម្បីគាំទ្រចលនាបាតុកម្មនៅអ៉ីរ៉ង់។

គួរបញ្ជាក់ថា កាលពីមុនប្រទេសអ៉ីរ៉ង់ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេច shah ប៉ុន្តែក្រោយមក របបរាជានិយមបានដួលរលំ ដោយសារចលនាបដិវត្តន៍អ៉ីស្លាម កាលពីឆ្នាំ១៩៧៩៕