FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន ចេញប្រមាញ់រកប្រភពរ៉ែកម្រនៅក្រោមបាតសមុទ្រ ខណៈដែលចិនរឹតបន្តឹងការផ្គត់ផ្គង់ (Video inside)

12-01-2026 10:58

(តូក្យូ)៖ នាវារុករករ៉ែរបស់ប្រទេសជប៉ុន បានចេញដំណើរទៅកាន់តំបន់ថ្មប៉ប្រះទឹកដាច់ស្រយាលមួយ នាថ្ងៃចន្ទ ទី១២ ខែមករានេះ ដើម្បីស្វែងរកប្រភពនៃរ៉ែកម្រ ខណៈទីក្រុងតូក្យូមានបំណងទប់ស្កាត់ការពឹងផ្អែកលើរ៉ែសំខាន់ៗរបស់ចិន ចំពោះមុខការរឹតបន្តឹងការផ្គត់ផ្គង់ពីសំណាក់ទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បេសកកម្មសាកល្បង ១ខែនៃនាវាជប៉ុន Chikyu នៅក្បែរកោះ Minamitori ចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងតូក្យូ នឹងក្លាយជាការប៉ុនប៉ងដំបូងគេបង្អស់លើពិភពលោក ដើម្បីបានរ៉ែកម្រក្រោមបាតសមុទ្រ ជម្រៅ ៦គីឡូម៉ែត្រ។ បើតាមលោក Shoichi ‍Ishii ដែលជាប្រធានគម្រោងគាំទ្រដោយរដ្ឋាភិបាល «បេសកកម្មមួយរបស់យើង គឺបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រផលិតក្នុងស្រុក ដើម្បីធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់សារធាតុរ៉ែ ដែលចាំបាច់សម្រាប់ឧស្សាហកម្ម»

គួរបញ្ជាក់ថា ជប៉ុន ដូចជាសម្ព័ន្ធមិត្តរបស់លោកខាងលិចដទៃទៀតដែរ បាននិងកំពុងកាត់បន្ថយការពឹងផ្អែកលើចិន ទាក់ទងនឹងសារធាតុរ៉ែដ៏សំខាន់ សម្រាប់បម្រើឱ្យការផលិតរថយន្ត ស្មាតហ្វូន និងសម្ភារយោធា។ វាក៏ជាកិច្ចខិតខំប្រឹងប្រែងបន្ទាន់មួយដែរ នៅចំពោះមុខជម្លោះការទូតរវាងតូក្យូ និងប៉េកាំង។

ចិន កាលពីសប្តាហ៍មុន បានហាមឃាត់ការនាំចេញទំនិញ ដែលប្រើប្រាស់សម្រាប់គោលបំណងស៉ីវិល និងយោធា ទៅកាន់ជប៉ុន រួមទាំងរ៉ែសំខាន់ៗមួយចំនួន។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា ទីក្រុងប៉េកាំង ក៏ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រទៅជប៉ុនកាន់តែទូលំទូលាយផងដែរ៕