អ៉ីស្រាអែលចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអាល្លឺម៉ង់ ដោយសំអាងលើការគំរាមកំហែងពីអ៉ីរ៉ង់ (Video inside)
12-01-2026 09:33
(តែលអាវីវ)៖ អ៉ីស្រាអែល និងអាល្លឺម៉ង់បានចុះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងសន្តិសុខសាយប័រ នៅចំពោះមុខការគំរាមកំហែងបង្កឡើងដោយអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា «អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ហេសបូឡា ហាម៉ាស និងហ៊ូទី មិនត្រឹមតែគំរាមកំហែងអ៉ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ស្ថិរភាពតំបន់ និងសន្តិសុខអន្តរជាតិផងដែរ។ ដូច្នេះសេចក្ដីថ្លែងការណ៍មួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយអាល្លឺម៉ង់ លើវិស័យសន្តិសុខសាយប័រ ប្រយុទ្ធប្រឆាំងភេរវកម្ម និងបច្ចេកវិទ្យាជឿនលឿន»។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា «សត្រូវរបស់អ៉ីស្រាអែលគួរតែដឹងថា៖ ភ្នែករបស់យើងកំពុងសម្លឹងមើលទៅកាន់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអាល្លឺម៉ង់ត្រូវបានចុះហត្ថលេខាដោយលោក Netanyahu និងរដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt ដែលបាន បំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល៕

