FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ បង្ហាញការយល់ស្របចំពោះការចង់ឱ្យលោក Marco Rubio ក្លាយជាប្រធានាធិបតីបន្ទាប់របស់គុយបា (Video inside)

12-01-2026 09:09

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះឡើងវិញនូវសារមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ដែលលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលមានឪពុកម្ដាយជាជនអន្តោប្រវេសន៍គុយបា នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់គុយបា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះឡើងវិញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នូវសារមួយដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម X ឈ្មោះ Cliff Smith កាលពីថ្ងៃទី៨ ខែមករា ដែលនិយាយថា «លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា» អមជាមួយរូប emoji សើចផងដែរ។ ក្នុងការបង្ហោះសារនេះឡើងវិញ លោក ត្រាំ បានបញ្ចេញមតិយល់ស្របចំពោះការលើកឡើងនេះដោយនិយាយថា «ស្ដាប់មើលទៅ វាល្អសម្រាប់ខ្ញុំ»។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានគំរាមកាត់ផ្ដាច់លំហូរប្រេង និងហិរញ្ញវត្ថុទៅកាន់គុយបាទៀតផង បន្ទាប់ពីសហរដ្ឋអាមេរិកបានបណ្ដេញលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តរបស់គុយបាចេញពីតំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា។

តាមលោក ត្រាំ គុយបាគួរតែចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មុននឹងអ្វីៗត្រូវហួសពេល។

ប៉ុន្តែប្រធានាធិបតីគុយ លោក Miguel Diaz-Canel បានទាត់ចោលការសម្លុតគំរាមរបស់លោក ត្រាំ ដោយនិយាយថាសហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចខាងសីលធម៌អ្វីដើម្បីបង្ខំឱ្យ គុយបាចុះកិច្ចព្រមព្រៀងណាមួយឡើយ៕