FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ១៩២ នាក់ស្លាប់ក្នុងបាតុកម្មនៅអ៊ីរ៉ង់ ខណៈការបង្ក្រាបឈានដល់កម្រិត «សម្លាប់រង្គាល»

11-01-2026 20:20

(តេហេរ៉ង់)៖ ក្រុមសិទ្ធិមនុស្សបានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៩២នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលពីរសប្តាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល និងវិបត្តិសេដ្ឋកិច្ចនៅអ៊ីរ៉ង់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងគំហុកពីចំនួន ៥១នាក់ដែលបានរាយការណ៍ពីមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅន័រវែស បានព្រមានថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារការកាត់ផ្តាច់អ៊ីនធឺណិតទាំងស្រុងជាង ៦០ម៉ោងមកហើយ ដែលធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។

ការតវ៉ាដែលដំបូងឡើយបង្កឡើងដោយការខឹងសម្បារនឹងថ្លៃចំណាយក្នុងការរស់នៅ ឥឡូវនេះបានវិវត្តទៅជាចលនាប្រឆាំងនឹងរបបដឹកនាំសាសនាដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៩។ នេះត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមធំបំផុតមួយសម្រាប់មេដឹកនាំកំពូល Ali Khamenei វ័យ ៨៦ឆ្នាំ។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ថា អាជ្ញាធរកំពុងប្រព្រឹត្ត «ការសម្លាប់រង្គាល» ដើម្បីបង្ក្រាបបាតុកម្ម ដោយមានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យចង្អៀតណែន អ្នករបួសខ្វះឈាម និងបាតុករជាច្រើនត្រូវបានបាញ់ចំភ្នែកដោយចេតនា។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីមហាផ្ទៃបានព្រមានថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះអ្នកបង្កភាពវឹកវរ៕