ថៃដាក់បម្រាមគោចរនៅខេត្តភាគខាងត្បូង ក្រោយរងការវាយប្រហារដោយគ្រាប់បែកនិងការដុតបំផ្លាញ (Video inside)
11-01-2026 18:26
(ណារ៉ាធីវ៉ាត)៖ យោធាថៃ បានប្រកាសដាក់ចេញបម្រាមគោចរជាបន្ទាន់មួយនៅក្នុងខេត្តណារ៉ាធីវ៉ាត (Narathiwat) ភាគខាងត្បូងប្រទេស នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានអំពើហិង្សាកើតឡើងជាបន្តបន្ទាប់ រួមទាំងការផ្ទុះជាច្រើនកន្លែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងពិសេស វិធានការសន្តិសុខនឹងត្រូវរឹតបន្តឹង រួមទាំងការត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-ម៉ាឡេស៊ី។ បម្រាមគោចរនេះហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញក្រៅផ្ទះចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៥:០០ព្រឹក។
គួរបញ្ជាក់ថា កាលពីពីព្រឹកថ្ងៃអាទិត្យនេះ ស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងនៅខេត្តភាគខាងត្បូង ត្រូវបានរងការវាយប្រហារដោយការដុតបំផ្លាញ និងការផ្ទុះ ដែលបណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់រងរបួស។ ជនល្មើសបានដុតហាងទំនិញនៅក្នុងស្ថានីយ និងបានបំផ្ទុះគ្រាប់បែកកែច្នៃនៅកន្លែងបូមប្រេង ដែលបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ៕



