FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ព្រមានថា ខ្លួននឹងសងសឹកចំពោះការវាយប្រហារណាមួយរបស់អាមេរិក ក្រោយរងការគំរាមជាបន្តបន្ទាប់ពីលោក ត្រាំ (Video inside)

11-01-2026 15:57

(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យនេះ អ៉ីរ៉ង់បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក មុខជានឹងនាំឱ្យទីក្រុងតេហេរ៉ង់ បើកការវាយប្រហារឆ្លើយតបវិញប្រឆាំងអ៉ីស្រាអែល ព្រមទាំងមូលដ្ឋានយោធានានារបស់អាមេរិក ដែលស្ថិតក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៦។

សារព្រមានខាងលើធ្វើឡើងដោយ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ស្របពេលដែលប្រភពនៅអ៉ីស្រាអែល បានបង្ហើបឱ្យដឹងថា អ៉ីស្រាអែលកំពុងប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដើម្បីគាំទ្រចំពោះ​ចលនាបាតុកម្មទូទាំងប្រទេស ដែលបាននិងកំពុងរីករាលនៅអ៉ីរ៉ង់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅប្រទេសអ៉ីរ៉ង់ ហើយលោកបានព្រមានថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក្រុមបាតុករនៅអ៉ីរ៉ង់។

គួរបញ្ជាក់ថា ​អ៉ីរ៉ង់ធ្លាប់បានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៉ីស្រាអែល ហើយអំឡុងពេលនោះ អាមេរិកក៏បានចូលរួម​ជាមួយអ៉ីស្រាអែល វាយប្រហារលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ផងដែរ៕