អ៉ីស្រាអែល ប្រុងជើងការខ្ពស់សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក នៅអ៉ីរ៉ង់ដែលកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ (Video inside)
11-01-2026 15:13
(ហ៊្សេរុយសាឡិម)៖ ប្រភពពីប្រទេសអ៉ីស្រាអែល បានឱ្យដឹងថា អ៉ីស្រាអែលកំពុងប្រុងជើងការខ្ពស់ត្រៀមខ្លួន សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ង់ ស្របពេលដែលអាជ្ញាធរអ៉ីរ៉ង់ កំពុងប្រឈមមុខជាមួយចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅអ៉ីរ៉ង់ ហើយបានព្រមានថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក្រុមបាតុករនៅអ៉ីរ៉ង់។
ប្រភពខាងលើដែលជាក្រុមបុគ្គលមានវត្តមាន អំឡុងការប្រឹក្សាយោបល់អំពីសន្តិសុខរបស់អ៉ីស្រាអែល នាចុងសប្តាហ៍នេះ មិនបានបញ្ជាក់ច្បាស់ថា តើការប្រុងជើងការខ្ពស់របស់អ៉ីស្រាអែល មានន័យយ៉ាងណាក្នុងស្ថានភាពជាក់ស្តែងនោះឡើយ។ អ៉ីស្រាអែលនិងអ៉ីរ៉ង់ ធ្លាប់បានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ហើយអំឡុងពេលនោះ អាមេរិកក៏បានចូលរួមជាមួយអ៉ីស្រាអែល វាយប្រហារលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានជួបសន្ទនាគ្នាតាមទូរសព្ទ។ មន្រ្តីអាមេរិក មិនបានប្រាប់ពីប្រធានបទនៃកិច្ចពិភាក្សានោះទេ ប៉ុន្តែបើយោងតាមប្រភពអ៉ីស្រាអែល ដែលមានវត្តមានអំឡុងកិច្ចសន្ទនានោះ គឺអ្នកទាំងពីរបានជជែកគ្នា អំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍របស់អាមេរិកនៅអ៉ីរ៉ង់។ មកទល់ពេលនេះ អ៉ីស្រាអែលមិនបានបង្ហាញសញ្ញាចង់ធ្វើអន្តរាគមន៍នៅអ៉ីរ៉ង់ទេ ស្របពេលដែលបាតុកម្មផ្ទុះរីករាលដាលនៅក្នុងសាធារណរដ្ឋអ៉ីស្លាមមួយនេះ៕




