FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកប្រកាសពីការបើកប្រតិបត្តិការវាយប្រហារថ្មីចុងក្រោយ ប្រឆាំងក្រុម ISIS នៅក្នុងប្រទេសស៉ីរី (Video inside)

11-01-2026 14:24

(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានប្រកាសឱ្យដឹងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានបើកការវាយប្រហារ​ទ្រង់ទ្រាយធំសាជាថ្មីម្តងទៀត ប្រឆាំងក្រុមភេរវករ ISIS នៅក្នុងប្រទេសស៉ីរី ខណៈវាគឺជាសកម្មភាពសងសឹក ចំពោះការវាយប្រហារមួយ ដែលបានសម្លាប់ជនជាតិអាមេរិក៣នាក់ កាលពីចុងឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦។

ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់មកពីក្រុម ISIS បានធ្វើសកម្មភាពវាយប្រហារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង Palmyra ដែលបានសម្លាប់ទាហានអាមេរិក ២នាក់ និងជនស៉ីវិលអាមេរិកម្នាក់ ដែលជាអ្នកបកប្រែ។ យោធាអាមេរិក បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ការវាយប្រហារថ្ងៃនេះ បានកំណត់គោលដៅលើ ISIS នៅទូទាំងស៉ីរី ហើយវាជា​ផ្នែកនៃប្រតិបត្តិការ Operation Hawkeye Strike ដែលត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហាររបស់​ ISIS មកលើកងកម្លាំងអាមេរិកនិងស៉ីរី នៅ Palmyra»

គួរបញ្ជាក់ថា អាមេរិកនិងហ៊្សកដានី បានរួមគ្នាវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងគោលដៅ ISIS នៅស៉ីរី ជាលើកដំបូង ក្រោមប្រតិបត្តិការខាងលើ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារលើកងកម្លាំងអាមេរិកនៅទីក្រុង Palmyra គឺជាករណីដំបូងបង្អស់ គិតចាប់តាំងពីការផ្តួលរំលំអតីតប្រធានាធិបតីស៉ីរី Bashar al-Assad ដោយក្រុមឧទ្ទាម កាលពីខែធ្នូ ឆ្នាំ២០២៤៕