FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអាមេរិក ពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល អំពីហ្កាហ្សា ស៉ីរី និងអ៉ីរ៉ង់ (Video inside)

11-01-2026 11:49

(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកបានឱ្យដឹងថា នាថ្ងៃសៅរ៍ ទី១០ ខែមករា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជាង​នេះទៀតទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios បានរាយការណ៍ថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីតំបន់ហ្កាហ្សា ប្រទេសស៉ីរី ហើយ​និងបាតុកម្មនៅប្រទេសអ៉ីរ៉ង់។ អ៉ីរ៉ង់ដែលបានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៉ីស្រាអែល ហើយទីតាំងចម្រាញ់នុយក្លែអ៊ែរ បានរងការទម្លាក់គ្រាប់បែករបស់អាមេរិក ​នាពេលនេះកំពុងតែជួបប្រទះ ការផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយ។

នៅហ្កាហ្សា បទឈប់បាញ់ដ៏ផុយស្រួយមួយ មិនបានវិវត្តទៅមុខលើសពីដំណាក់កាលដំបូងឡើយ ចាប់តាំងពីចូលជាធរមានកាលពី​ខែតុលា ឆ្នាំមុនមក ដោយអ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានកិច្ចព្រមព្រៀង។ ម៉្យាងវិញទៀត ភាគីទាំងពីរនៅបន្តឃ្លាតឆ្ងាយពីគ្នាខ្លាំងដដែល ជុំវិញជំហានលំបាកៗដែលត្រូវបានគូសវាស សម្រាប់ដំណាក់កាលបន្ទាប់។

ដោយឡែក ក្នុងសប្តាហ៍នេះ អ៉ីស្រាអែលនិងស៉ីរី បានឯកភាពគ្នាអំឡុងកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក នៅទីក្រុងប៉ារីស ក្នុងគោលដៅបង្កើតយន្តការទំនាក់ទំនង ដើម្បីសហការលើបញ្ហាសន្តិសុខនិងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា ឆ្នាំ២០២៥ លោក Netanyahu បានបំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកសរុប ៥លើក ដើម្បីជួបលោក ត្រាំ ខណៈលោក ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំមុន៕