បង់ក្លាដែសប្រាប់អាមេរិកថា ចង់ចូលរួមក្នុងកងកម្លាំងអន្តរជាតិ ដែលនឹងដាក់ពង្រាយនៅតំបន់ហ្កាហ្សា
11-01-2026 11:15
(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី១០ ខែមករា បង់ក្លាដែសបាននិយាយថា ខ្លួនបានប្រាប់សហរដ្ឋអាមេរិក អំពីបំណងចង់ចូលរួមជាមួយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលនឹងត្រូវដាក់ពង្រាយនៅក្នុងដែនដីប៉ាឡេស្ទីនហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
បង់ក្លាដែសបានប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន គឺលោក Khalilur Rahman បានជួបជាមួយក្រុមមន្រ្តីការទូតអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន ហើយនាឱកាសនោះ លោក Rahman បានបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងដាក្កា ក្នុងការក្លាយជាផ្នែកនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលនឹងត្រូវដាក់ពង្រាយនៅហ្កាហ្សា។
សេចក្តីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្តល់ភ្លើងបៃតង ចំពោះអ្វីដែលហៅថា ក្រុមប្រឹក្សាភិបាលសន្តិភាព និងក្រុមប្រទេសនានាដែលធ្វើការជាមួយក្រុមប្រឹក្សាភិបាលនោះ ដើម្បីបង្កើតកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិបណ្តោះអាសន្នមួយ នៅតំបន់ហ្កាហ្សា ជាទីដែលបទឈប់បាញ់ចូលរួមជាធរមាន កាលពីខែតុលា ឆ្នាំមុន។
គួរបញ្ជាក់ថា យ៉ាងណាមិញ បទឈប់បាញ់មិនទាន់មានវឌ្ឍនភាពហួសពីដំណាក់កាលទី១នៅឡើយទេ ហើយមានលទ្ធផលតិចតួចប៉ុណ្ណោះ ដែលសម្រេចបានស្តីពីជំហានបន្ទាប់ទៀត។ ជនជាតិប៉ាឡេស្ទីនសរុបជាង៤០០នាក់ និងទាហានអ៉ីស្រាអែល៣នាក់ ត្រូវរាយការណ៍ថាបានស្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ហើយស្ទើរតែទាំងអស់នៃជនជាតិប៉ាឡេស្ទីន ជាង២លាននាក់ នៅហ្កាហ្សា កំពុងបន្តរស់នៅក្នុងជំរំភៀសខ្លួន ឬអគារដែលរងការបំផ្លិចបំផ្លាញ ក្នុងតំបន់មួយភាគតូច ដែលកងទ័ពអ៉ីស្រាអែល បានដកថយ ហើយក្រុមហាម៉ាស បានបង្កើតការគ្រប់គ្រងឡើងវិញ។ មកទល់ពេលនេះ ទាំងអ៉ីស្រាអែលនិងហាម៉ាស នៅបន្តឃ្លាតឆ្ងាយពីគ្នាខ្លាំងដដែល ជុំវិញជំហានលំបាកៗ ដែលត្រូវបានកំណត់ សម្រាប់ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ ហើយបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់៕



