FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីយ៉ាន់ម៉ា ចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទី២ ក្រោយដំណាក់កាលដំបូង មានចំនួនអ្នកចូលរួមទាប (Video inside)

11-01-2026 10:40

(ណៃពិដោ)៖ នាថ្ងៃអាទិត្យនេះ ប្រជាជននៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល បាននាំគ្នាទៅតម្រង់ជួរ ដើម្បីទម្លាក់សន្លឹកឆ្នោតក្នុងដំណាក់កាលទី២ នៃដំណើរការបោះឆ្នោតសកលរៀបចំដោយរដ្ឋាភិបាលយោធា បន្ទាប់ពីដំណាក់កាលដំបូង បានមើលឃើញចំនួនអ្នកចូលរួមបោះឆ្នោតដ៏ទាបមួយ ខណៈការបោះឆ្នោតសកលនេះ ត្រូវបានរិះគន់យ៉ាងទូលំទូលាយថា គឺគ្រាន់តែជាឧបករណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ដល់របបសឹកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងជម្លោះរ៉ាំរ៉ៃ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១ ហើយ​បានចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលនោះ គឺលោកស្រី អោងសាន ស៊ូជី ជាហេតុនាំឱ្យមានសង្រ្គាមស៉ីវិល ដែលអូសបន្លាយមកទល់​ពេលនេះ និងរាលដាលនៅផ្នែកមួយចំនួនធំនៃប្រទេស។

គណបក្ស NLD របស់លោកស្រី ស៊ូជី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានរំលាយចោល រួមជាមួយគណបក្សជាច្រើនផ្សេងទៀត ដែលប្រឆាំងរបបយោធា។ មិនតែប៉ុណ្ណោះ ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធជាមួយ​យោធា ក៏បានបដិសេធចូលរួមដំណើរការបោះឆ្នោតផងដែរ។ អង្គការសហប្រជាជាតិ រួមជាមួយក្រុមប្រទេសលោកខាងលិច និង​ក្រុមឃ្លាំមើលសិទ្ធិមនុស្សជាច្រើន យល់ឃើញថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលមិនប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ឬជឿជាក់បានឡើយ។

គណបក្ស Union Solidarity and Development Party ដែលគាំទ្រដោយយោធា កំពុងទទួលសំឡេងគាំទ្រនាំមុខគេ ក្នុងគម្លាតដ៏ធំមួយ ក្រោយឈ្នះបានអាសនៈចំនួន៩០ ក្នុងចំណោម១០២ ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែងយក ក្នុងដំណាក់កាល​ដំបូងនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលបានមើលឃើញ អ្នកទៅចូលរួមបោះឆ្នោតត្រឹម ៥២.១៣ភាគរយប៉ុណ្ណោះ ដែលជាអត្រាដ៏ទាបមួយ ធៀបនឹងការបោះឆ្នោតកាលពី​ឆ្នាំ២០២០ និងឆ្នាំ២០១៥។

គួរបញ្ជាក់ថា ការបោះឆ្នោតជុំចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា។ សរុបទាំង៣ដំណាក់កាល ការបោះឆ្នោតនឹងធ្វើឡើង​នៅតាមក្រុងចំនួន២៦៥ ក្នុងចំណោម៣៣០ក្រុង ក្នុងនោះរួមមានទាំងតំបន់ដែលរបបសឹក មិនមានការគ្រប់គ្រងពេញលេញទាំងស្រុងឡើយ។ ម៉្យាងវិញ កាលបរិច្ឆេទសម្រាប់ប្រកាសលទ្ធផលបោះឆ្នោត ក៏មិនទាន់ត្រូវបានប្រកាសឱ្យដឹង ជាសាធារណៈដែរ៕