តួលេខអ្នកស្លាប់ ក្នុងការបាក់រលំកន្លែងចាក់សំរាមនៅហ្វីលីពីន កេីនដល់ ៤នាក់ (Video inside)
10-01-2026 22:16
(Cebu)៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំកន្លែងចាក់សំរាម នៅភាគកណ្តាលប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤នាក់ហើយ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តរកអ្នកបាត់ខ្លួនជាច្រើននាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០២៦។
កន្លែងចាក់សំរាម Binaliw នៅកណ្តាលទីក្រុង Cebu បានដួលរលំកាលពីថ្ងៃព្រហស្បតិ៍ ដោយមានកម្មករ ១១០នាក់នៅនឹងកន្លែងពេលកេីតហេតុ។ សំណង់ និងសម្ភារៈបរិក្ខារមួយចំនួនខាងក្នុងកន្លែងចាក់សំរាម ត្រូវរងការខូចខាត។
តាមអភិបាលក្រុង Cebu លោក Nestor Archival គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកស្លាប់បានកើដល់ ៤នាក់ ហើយ ១២នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកបន្ថែមថា អាជ្ញាធរបញ្ជាក់ថារកឃើញសញ្ញានៃអ្នកនៅមានជីវិត ដែលតម្រូវឱ្យបន្តការជីកកកាយដោយប្រុងប្រយ័ត្ន និងដាក់ពង្រាយរថយន្តស្ទូចទម្ងន់ ៥០តោន។
មនុស្ស ៣៦នាក់បានបាត់ខ្លួន ដោយផ្អែកលើតួលេខកាលពីថ្ងៃសុក្រ។ ក្រុមគ្រួសារកម្មករនៅតែមានសង្ឃឹមថា ពួកគេនឹងត្រូវបានរកឃើញនៅរស់៕




