ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ប្រកាស «បន្ទាត់ក្រហម» ជុំវិញការពារសន្តិសុខ ខណៈបាតុកម្មនៅតែបន្ត
10-01-2026 19:00
(តេហេរ៉ង់)៖ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានព្រមាននៅថ្ងៃសៅរ៍នេះថា ការពារសន្តិសុខគឺជាបន្ទាត់ក្រហម ហើយយោធាប្តេជ្ញាការពារទ្រព្យសម្បត្តិសាធារណៈ ខណៈមន្រ្តីអនុវត្តច្បាប់បង្កើនកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់ការតវ៉ា ដែលកំពុងរីករាលដាលទូទាំងប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០២៦។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញសារគំរាមជាថ្មីដល់មេដឹកនាំអ៉ីរ៉ង់កាលពីថ្ងៃសុក្រ ហើយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅថ្ងៃសៅរ៍នេះ ប្រកាសថាសហរដ្ឋអាមេរិកគាំទ្រប្រជាជនដ៏ក្លាហានរបស់អ៉ីរ៉ង់។
ភាពចលាចលនៅអ៉ីរ៉ង់ បានបន្តពេញមួយយប់មិញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា អគារសាលាក្រុងមួយត្រូវបានដុតនៅក្នុងទីក្រុង Karaj ភាគខាងលិចនៃទីក្រុងតេហេរ៉ង់ ហើយស្តីបន្ទោសទៅលេីក្រុមអ្នកបះបោរ។ ទូរទស្សន៍រដ្ឋបានចាក់ផ្សាយវីដេអូបុណ្យសពសមាជិកនៃកងកម្លាំងសន្តិសុខ ដោយនិយាយថាត្រូវបានសម្លាប់ក្នុងការតវ៉ា នៅទីក្រុង Shiraz, Qom និង Hamedan។
បាតុកម្មបានរាលដាលពាសពេញប្រទេសអ៉ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយចាប់ផ្តើមចេញពីបញ្ហាកើនឡើងនៃអតិផរណា ប៉ុន្តែបានប្រែក្លាយជារឿងនយោបាយយ៉ាងឆាប់រហ័ស ដោយក្រុមអ្នកតវ៉ាទាមទារឱ្យបញ្ចប់ការគ្រប់គ្រងរបស់មន្រ្តីអនុវត្តច្បាប់។ អាជ្ញាធរ អ៉ីរ៉ង់ចោទ ប្រកាន់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលថាជួយជម្រុញឱ្យមានកុប្បកម្មនេះ។ ក្រុមសិទ្ធិមនុស្សបានកត់ត្រាការស្លាប់របស់បាតុកររាប់សិបនាក់៕


