FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះ Goretti វាយប្រហារអឺរ៉ុបខាងជើង បង្កដាច់ភ្លើង និងរំខានការធ្វើដំណើរយ៉ាងធ្ងន់ធ្ងរ (Video inside)

09-01-2026 21:22

(ឡុងដ៍)៖ ព្យុះ Goretti បានវាយប្រហារយ៉ាងខ្លាំងក្លាលើតំបន់ភាគខាងជើងអឺរ៉ុបនៅថ្ងៃសុក្រនេះ ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់សែនខ្នង បិទសាលារៀន និងផ្អាកសេវាកម្មរថភ្លើងនៅក្នុងប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ខណៈព្រិលធ្លាក់ខ្លាំង និងខ្យល់ព្យុះបានធ្វើឱ្យអាកាសធាតុត្រជាក់កាន់តែអាក្រក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅប្រទេសបារាំង ផ្ទះប្រមាណ ៣៨០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ជាពិសេសនៅតំបន់ Normandy និង Brittany។ ខ្យល់បោកបក់ខ្លាំងក្នុងល្បឿនរហូតដល់ ២១៣គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅតំបន់ខ្លះ ដែលបង្កឱ្យរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរនៅរោងចក្រ Flamanville ត្រូវបិទដំណើរការ។

នៅចក្រភពអង់គ្លេស ផ្ទះប្រហែល ៥៧,០០០ខ្នងបានដាច់ភ្លើង។ ចំណែកនៅអាល្លឺម៉ង់ ក្រុមហ៊ុនរថភ្លើងរដ្ឋ Deutsche Bahn បានផ្អាកសេវាកម្មរថភ្លើងផ្លូវឆ្ងាយទាំងអស់ជាបណ្តោះអាសន្ន។ ជើងហោះហើររាប់សិបត្រូវបានលុបចោលនៅអាកាសយានដ្ឋាន Hamburg និងអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុង Amsterdam។

ផលប៉ះពាល់ក៏បានរីករាលដាលដល់ប្រទេសផ្សេងទៀតផងដែរ ដោយនៅហុងគ្រី យោធាត្រូវបានដាក់ពង្រាយដើម្បីជួយអ្នកបើកបរដែលជាប់ក្នុងព្រិល ខណៈនៅអាល់បានី មនុស្សម្នាក់ត្រូវបានរកឃើញស្លាប់ដោយសារទឹកជំនន់៕