FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែល វាយប្រហារគោលដៅក្រុមហេសបូឡាជាច្រើននៅលីបង់ ទោះបីកងទ័ពលីបង់អះអាងពីវឌ្ឍនភាពដកហូតអាវុធ (Video inside)

09-01-2026 20:18

(បេរូត)៖ យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡានៅតំបន់ជាច្រើនក្នុងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីកងទ័ពលីបង់បានប្រកាសថាបានបញ្ចប់ដំណាក់កាលទីមួយ នៃផែនការដកហូតអាវុធក្រុមនេះនៅភាគខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារបានកំណត់គោលដៅលើឃ្លាំងអាវុធ កន្លែងផលិតអាវុធ និងទីតាំងបាញ់គ្រាប់រ៉ុក្កែតនៅតំបន់ភាគខាងត្បូង និងតំបន់ បេកា (Bekaa) ភាគខាងកើត។ អ៊ីស្រាអែលចោទថាទីតាំងទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ការស្តារកម្លាំងយោធារបស់ហេសបូឡាឡើងវិញ ដែលជាការរំលោភលើកិច្ចព្រមព្រៀង និងបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល។

ទោះបីជាកងទ័ពលីបង់បានអះអាងពីភាពជោគជ័យ ក្នុងការដកហូតអាវុធនៅតំបន់ភាគខាងត្បូងទន្លេ លីតានី (Litani River) ក៏ដោយ ក៏ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានឆ្លើយតបថា «កិច្ចខិតខំប្រឹងប្រែងនេះគឺជាការចាប់ផ្តើមដ៏គួរឱ្យលើកទឹកចិត្ត ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ...ហេសបូឡាត្រូវតែដកហូតអាវុធទាំងស្រុង»។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤ ហេសបូឡាត្រូវដកកងកម្លាំងទៅភាគខាងជើងទន្លេលីតានី ប៉ុន្តែក្រុមនេះបានបដិសេធមិនព្រមប្រគល់អាវុធរបស់ខ្លួនឡើយ៕