FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងប្រកាសថា អឺរ៉ុបមានសិទ្ធិនិយាយថា «ទេ» ចំពោះសំណើអាមេរិកដែលមិនអាចទទួលយកបាន

09-01-2026 18:34

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូ (Jean-Noel Barrot) បានប្រកាសយ៉ាងម៉ឺងម៉ាត់នៅថ្ងៃសុក្រនេះថា អឺរ៉ុបមានសិទ្ធិពេញលេញក្នុងការបដិសេធសំណើរបស់សហរដ្ឋអាមេរិក ប្រសិនបើសំណើទាំងនោះមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតបារាំង លោក បារ៉ូ បានសង្កត់ធ្ងន់ថា «វាគឺជាសិទ្ធិរបស់យើងក្នុងការនិយាយថា "ទេ" ទៅកាន់សម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ ទោះបីជាពួកគេមានប្រវត្តិសាស្ត្រយូរអង្វែងប៉ុណ្ណាក៏ដោយ នៅពេលដែលសំណើរបស់ពួកគេមិនអាចទទួលយកបាន»

ការលើកឡើងនេះធ្វើឡើងចំពេលមានការមិនពេញចិត្តកាន់តែខ្លាំងចំពោះគោលនយោបាយ «អាមេរិកមុនគេ» (America First) របស់លោក ដូណាល់ ត្រាំ ជាពិសេសបំណងចង់កាន់កាប់កោះហ្គ្រីនឡែន។ លោក បារ៉ូ ហាក់ដូចជាចាត់ទុកអាមេរិកជាការគំរាមកំហែងស្មើនឹងរុស្ស៊ី ដោយអះអាងថា អឺរ៉ុបកំពុងត្រូវបានវាយប្រហារដោយ «សត្រូវ» ដែលប្រើប្រាស់ការគំរាមកំហែង និងការជំរិតពាណិជ្ជកម្ម។

លោកក៏បានរិះគន់ការដាក់ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីអឺរ៉ុប និងការគាំទ្រចំពោះគណបក្សស្តាំនិយមជ្រុលផងដែរ ដោយចាត់ទុកថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរើសអើងប្រឆាំងនឹងគុណតម្លៃអឺរ៉ុប៕