គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
09-01-2026 17:01
(ប៉េកាំង)៖ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំពេញមួយថ្ងៃដើម្បីស្តាប់របាយការណ៍ការងាររបស់ ក្រុមថ្នាក់ដឹកនាំបក្សប្រចាំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូល និងស្តាប់របាយការណ៍ការងារនៃលេខាធិការដ្ឋានមជ្ឈិមបក្ស។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិននិងជាឆ្នាំទី ១ សម្រាប់ការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥។ ក្រុមថ្នាក់ដឹកនាំបក្សប្រចាំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូល ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ អនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងកិច្ចប្រជុំពេញអង្គគ្រប់សម័យ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ២០ អនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែង នៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃអាណត្តិទី ២០ ក៏ដូចជាអនុវត្តយ៉ាងប្រាកដប្រជា នូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងផ្សេងៗ របស់គណៈកម្មាធិការមជ្ឈិមបក្ស ។ ត្រូវផ្តោតសំខាន់លើភារកិច្ចជាយុទ្ធសាស្រ្តដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ដើម្បីរួមគ្នាជំរុញការងារគ្រប់វិស័យឱ្យវិវឌ្ឍទៅមុខ និងខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥៕
វិទ្យុមិត្តភាពកម្ពុជាចិន
