រុស្ស៉ី ថាកងទ័ពបរទេសនៅអ៊ុយក្រែន នឹងត្រូវកំណត់គោលដៅ ក្រោយបារាំង និងអង់គ្លេស ប្រកាសពីផែនការដាក់ពង្រាយ (Video inside)
09-01-2026 15:02
(មូស្គូ)៖ រុស្ស៉ី បាននិយាយថា រាល់កងទ័ពបរទេសដែលបញ្ជូនទៅអ៊ុយក្រែន ដោយរដ្ឋាភិបាលលោកខាងលិច នឹងក្លាយជាគោលដៅប្រយុទ្ធស្របច្បាប់ ក្រោយបារាំង និងអង់គ្លេស ប្រកាសពីផែនការដាក់ពង្រាយ កងកម្លាំងចម្រុះជាតិសាសន៍ ក្នុងករណីមានបទឈប់បាញ់នៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០២៦។
ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងថា «ដំណោះស្រាយបែបយោធានិយម ដោយក្រុមចម្រុះនៃរដ្ឋាភិបាលលោកខាងលិច ដែលគាំទ្រអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើង»។
រុស្ស៉ី ព្រមានថាការដាក់ពង្រាយអង្គភាពយោធាលោកខាងលិច ដំឡើងទីតាំងយោធា ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត លើទឹកដីអ៊ុយក្រែន នឹងត្រូវបានចាត់ថ្នាក់ថាជាកិច្ចអន្តរាគមន៍ពីបរទេស ដែលបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខមិនត្រឹមតែរុស្ស៉ីប៉ុណ្ណោះទេ តែថែមទាំងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។
គួរបញ្ជាក់ថា នេះជាការឆ្លើយតបលើកដំបូងរបស់រុស្ស៉ី ចំពោះកិច្ចប្រជុំនៃសម្ព័ន្ធមិត្តអ៊ុយក្រែន នៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ដែលអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ពង្រាយកម្លាំងចម្រុះជាតិសាសន៍ នាពេលអនាគត៕



