FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ថាអាមេរិកនឹងចាប់ផ្តើមវាយប្រហារលើដីគោកប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហើយចោទថា ពួកឧក្រិដ្ឋជនគ្រឿងញៀន កំពុងគ្រប់គ្រងប្រទេសម៉ិកស៉ិក (Video inside)

09-01-2026 14:28

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារលើ​ដីគោកប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀន នឹងចាប់ផ្តើមនាពេលឥឡូវនេះ បន្ទាប់ពីការវាយប្រហារតាមដែនសមុទ្រ នៅតំបន់សមុទ្រ Caribbean និងភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក ត្រាំ បានប្រាប់ថា «ពួកយើងនឹងចាប់ផ្តើមវាយប្រហារលើដីគោក នាពេលនេះ ពាក់ព័ន្ធក្រុមឧក្រិដ្ឋជនគ្រឿងញៀន។ ពួកឧក្រិដ្ឋជនទាំងនោះ កំពុងគ្រប់គ្រងប្រទេសម៉ិកស៉ិក»។ ការអត្ថាធិប្បាយដូចខាងលើ​របស់លោក ត្រាំ គឺធ្វើឡើងបន្ទាប់ពីអាមេរិកបានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក តាមរយៈការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីចុងសប្តាហ៍មុន ក្រោយការដាក់សម្ពាធយោធានិងសេដ្ឋកិច្ចអស់រយៈពេលជាច្រើនខែ។

ជាផ្នែកមួយនៃយុទ្ធនាការនោះ សហរដ្ឋអាមេរិក បានសម្លាប់មនុស្សជាង១០០នាក់ ក្នុងការវាយប្រហារជាបន្តបន្ទាប់ លើទូកដែលត្រូវ​បានចោទប្រកាន់ថា ដឹកជញ្ជូនគ្រឿងញៀន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក។ ការវាយប្រហារលើក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុង​ប្រទេសម៉ិកស៉ិក នឹងជាការកើនឡើងសកម្មភាពយោធាដ៏ធំមួយរបស់អាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា ទ្វីបអាមេរិកមិនមែនជាកម្មសិទ្ធិរបស់មហាអំណាចមួយណាឡើយ បន្ទាប់ពីលោក ត្រាំ បានស្តែងឱ្យឃើញពីឫទ្ធិអំណាចរបស់ទីក្រុងវ៉ាស៉ីនតោននៅក្នុងតំបន់ ក្រោយការចាប់ខ្លួនលោក Maduro។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា លោកកំពុងជំរុញឱ្យលោកស្រី Sheinbaum អនុញ្ញាតឱ្យរូបលោក បញ្ជូនកងទ័ពអាមេរិកទៅដោះស្រាយបញ្ហាក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅម៉ិកស៉ិក ជាសំណើមួយដែលលោកអះអាងថា លោកស្រីធ្លាប់បានបដិសេធនាពេលកន្លងមក៕