FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីវាយប្រហារតាមអាកាស សម្លាប់មនុស្ស៤នាក់នៅរដ្ឋធានីរបស់អ៊ុយក្រែន ក្រោយទាត់ចោលផែនការរក្សាសន្តិភាពរបស់អឺរ៉ុប (Video inside)

09-01-2026 13:55

(កៀវ)៖ ប៉ូលិសនៅទីក្រុងកៀវបានឱ្យដឹងនៅថ្ងៃសុក្រនេះថា កាលពីវេលាយប់កន្លងទៅ រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ តាមផ្លូវអាកាសលើរដ្ឋធានីរបស់អ៊ុយក្រែន ដែលបង្កឱ្យអគារស្នាក់នៅរងការខូចខាតនិងឆាបឆេះ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច​៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦។

ប៉ូលិសអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងកៀវបានស្ថិតក្រោមការវាយប្រហារធំមួយដោយដ្រូនរបស់រុស្ស៉ី ហើយជាលទ្ធផលមនុស្ស៤នាក់ បានស្លាប់ និងយ៉ាងហោច ២៤នាក់ផ្សេងទៀតបានរងរបួស។ ទន្ទឹមគ្នានោះ អគារស្នាក់នៅមួយចំនួន បានរងការខូចខាតនិងឆាបឆេះ ហើយកន្លែងខ្លះ ត្រូវធ្លាក់ក្នុងភាពងងឹតដោយសារដាច់ការផ្គត់ផ្គង់អគ្គិសនី។ ក្នុងថ្ងៃដដែលនេះ អាជ្ញាធរនៅតំបន់ Lviv ភាគខាងលិច​ប្រទេសអ៊ុយក្រែន ក៏បានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៉ី នៅទីនោះផងដែរ។

ដោយឡែក នៅឯតំបន់ Belgorod ភាគខាងលិចប្រទេសរុស្ស៉ី ជាប់ព្រំប្រទល់អ៊ុយក្រែន អភិបាលតំបន់ បានអះអាងថា មនុស្សជាង​កន្លះលាននាក់ គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីការវាយប្រហារមួយរបស់អ៊ុយក្រែន ដែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៃតំបន់នោះ។ មិនតែប៉ុណ្ណោះ មនុស្សជិត២០០ ០០០នាក់ ក៏ត្រូវបាន​កាត់ផ្តាច់ពីការផ្គត់ផ្គង់ទឹកថែមទៀតផង។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើកើតឡើង បន្ទាប់ពីអ៊ុយក្រែននិងក្រុមសម្ព័ន្ធលោកខាងលិច បានឯកភាពគ្នាក្នុងសប្តាហ៍នេះថា អឺរ៉ុបនឹងជួយដាក់ពង្រាយកងទ័ពដើម្បីរក្សាសន្តិភាព ក្រោយពេលសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។ យ៉ាងណាមិញ រុស្ស៉ី បានបន្តច្រានចោលនូវគំនិតនៃការដាក់កងកម្លាំងរបស់លោកខាងលិចណាមួយ ឱ្យមានវត្តមានឈរជើង នៅក្នុងទឹកដីរបស់អ៊ុយក្រែន៕