លោក ត្រាំ ដៀលសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួននៃបក្សសាធារណរដ្ឋ ថាល្ងីល្ងើ ក្រោយបោះឆ្នោតគាំទ្រការរឹតត្បិតអំណាចយោធារបស់លោក (Video inside)
09-01-2026 13:24
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗចំពោះសមាជិកព្រឹទ្ធសភាមួយចំនួននៃបក្សសាធារណរដ្ឋ ដោយសារតែអ្វីដែលលោកហៅថា «ភាពល្ងីល្ងើ» របស់ពួកគេ ក្នុងបោះឆ្នោតគាំទ្រចំណាត់ការសំដៅរឹតត្បិតអំណាចយោធារបស់លោក បន្ទាប់ពីការធ្វើប្រតិបត្តិការយោធាលួចលាក់ ដែលបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «គណបក្សសាធារណរដ្ឋគួរតែមានភាពអាម៉ាស់ ដោយសារតែក្រុមសមាជិកព្រឹទ្ធសភា ដែលទើបតែបានបោះឆ្នោតចូលដៃជាមួយបក្សប្រជាធិបតេយ្យ ដើម្បីប៉ុនប៉ងដកហូតអំណាចរបស់យើង ក្នុងការប្រយុទ្ធនិងការពារសហរដ្ឋអាមេរិក»។ លោក ត្រាំ ថែមទាំងរិះគន់ថា ការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាទាំងនោះនៃបក្សសាធារណរដ្ឋ គឺជាទង្វើល្ងីល្ងើមួយ។
គួរបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋចំនួន៥រូប រួមជាមួយសមាជិកព្រឹទ្ធសភានៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតគាំទ្រដល់សេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅហាមឃាត់ការបង្កអរិភាពបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអែឡា ដោយមិនមានការអនុញ្ញាតច្បាស់ៗពីសភា។ ការបោះឆ្នោតចុងក្រោយដើម្បីអនុម័តលើចំណាត់ការនោះ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅ នាសប្តាហ៍ខាងមុខ៕


