អាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌ ២ពាន់លានដុល្លារដល់ UN សម្រាប់ឆ្នាំ ២០២៦ ជាមួយការរៀបចំយន្តការថ្មី (Video inside)
30-12-2025 11:50
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកា ២ពាន់លានដុល្លារ ក្នុងកញ្ចប់ជំនួយសម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមមុខនឹងភាពអត់ឃ្លាន និងជំងឺនៅក្នុងប្រទេសមួយចំនួន នាឆ្នាំ ២០២៦ ដែលជាផ្នែកមួយនៃយន្តការថ្មី ក្រោយរដ្ឋបាលលោក ត្រាំ បានកាត់បន្ថយជំនួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយ ២ពាន់លានដុល្លារដែលទីក្រុងវ៉ាស៉ីនតោនបានសន្យានេះ នឹងត្រូវពិនិត្យដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN) ក្រោមគំរូថ្មីមួយដែលបានព្រមព្រៀងជាមួយ UN ដែលមានបំណងធ្វើឱ្យការផ្តល់មូលនិធិ និងការផ្តល់ជំនួយកាន់តែមានប្រសិទ្ធភាព និងបង្កើនការទទួលខុសត្រូវលើការចំណាយ។
សហរដ្ឋអាមេរិក និង UN គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៧ជាមួយប្រទេសនីមួយៗ ដែលសហរដ្ឋអាមេរិកកំណត់ថាជាប្រទេសអាទិភាព។ លោក Tom Fletcher ប្រធានផ្នែកជំនួយរបស់ UN បាននិយាយថា វិស័យមួយចំនួនដែលជាអាទិភាពសម្រាប់ UN រួមទាំងនៅយេម៉ែន អាហ្វហ្គានីស្ថាន និងហ្កាហ្សា មិនទទួលបានមូលនិធិពីសហរដ្ឋអាមេរិកក្រោមយន្តការថ្មីនេះទេ ហើយUN នឹងស្វែងរកការគាំទ្រពីអ្នកផ្តល់ជំនួយផ្សេងទៀត។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់ UN ការរួមចំណែកសរុបផ្នែកមនុស្សធម៌របស់សហរដ្ឋអាមេរិក មកកាន់ UN បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.៣៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងប្រហែល ១៤.៨ភាគរយនៃចំនួនទឹកប្រាក់សកល៕




