FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន អួតថាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះស៊េរីថ្មី អាចកម្ទេចសត្រូវយ៉ាងមានប្រសិទ្ធភាព (Video inside)

30-12-2025 09:17

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យរោងចក្រមួយដែលកំពុងផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះដែលលោកអួតថាអាចវាយប្រហារលើកូរ៉េខាងត្បូង និងមានសមត្ថភាពកម្ទេចសត្រូវនៅក្នុងការវាយប្រហារសង្រ្គប់ណាមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចាត់ទុកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់កូរ៉េខាងជើង គឺជាកំពូលអាវុធដ៏មានថាមពលដែលអាចកម្ទេចសត្រូវជាមួយការវាយប្រហារចំគោលដៅជាក់លាក់កម្រិតខ្ពស់បំផុត និងអាចបង្កបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ តាម KCNA ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះថ្មីនេះ អាចនឹងត្រូវបានប្រើប្រាស់នៅក្នុងបរិមាណដ៏ច្រើនសម្រាប់ការវាយប្រហារសង្រ្គប់នៅក្នុងប្រតិបត្តិការយោធាណាមួយ។

ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ២គ្រាប់ ជាការបង្ហាញសាច់ដុំ និងត្រៀមលក្ខណៈប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។

គួរបញ្ជាក់ថា បើតាមការសិក្សាមួយរបស់ស្ថាប័នស្រាវជ្រាវ RAND មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ចេញផ្សាយកាលពីឆ្នាំ២០២០ កាំភ្លើងធំរបស់កូរ៉េខាងជើងអាចធ្វើឱ្យមនុស្សស្លាប់ និងរងរបួស ១០ ០០០នាក់ ក្នុងពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ប្រសិនបើកូរ៉េខាងជើងបាញ់ផ្លោងចូលតំបន់ទីប្រជុំជន ដូចជារដ្ឋធានីសេអ៊ូល ក្នុងករណីជម្លោះប្រដាប់អាវុធណាមួយផ្ទុះឡើង៕