នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ស្វាគមន៍បទឈប់បាញ់កម្ពុជា-ថៃ (Video inside)
27-12-2025 15:19
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ បានបង្ហាញការស្វាគមន៍ដល់បទឈប់បាញ់ដែលត្រូវបានឯកភាពដោយកម្ពុជា និងថៃ ហើយដែលបានចូលជាធរមានកាលពីម៉ោង១២ថ្ងៃត្រង់។
នៅក្នុងការបង្ហោះលើ Facebook លោក អាន់វ៉ា បាននិយាយថាការសម្រេចចិត្តបញ្ឈប់ការវាយប្រយុទ្ធគ្នា បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ថា ការអត់ធ្មត់ជាតម្រូវការចាំបាច់ដើម្បីផលប្រយោជន៍នៃប្រជាជនស៊ីវិល។ លោកបន្ថែមថាសេចក្ដីថ្លែងការណ៍រួមបានគូសបញ្ជាក់ពីវិធានការជាក់ស្ដែង និងប្រកបដោយភាពវិជ្ជមាន ក្នុងនោះរួមមានទាំងការផ្ទៀងផ្ទាត់ដោយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រុមមន្ត្រីអាជ្ញាធរការពារជាតិ។ ទាំងនេះបានផ្តល់ជាមូលដ្ឋានមួយសម្រាប់ស្ថិរភាព ហើយលោកផ្ទាល់សង្ឃឹមថា ភាគីទាំង២ កម្ពុជា និងថៃនឹងអនុវត្តតាមដោយភាពស្មោះត្រង់។
តាមលោក អាន់វ៉ា ខណៈម៉ាឡេស៊ីបានផ្ទេរតំណែងជាប្រធានអាស៊ានទៅឱ្យហ្វីលីពីនដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ម៉ាឡេស៊ីនឹងគាំទ្រដល់រាល់កិច្ចប្រឹងប្រែង ទាំងអស់ដើម្បីធានាថាកិច្ចប្រឹងប្រែងទាំងនោះត្រូវបានគោរព ហើយកិត្យានុភាព និងភាពគួរឱ្យទុកចិត្តបានរបស់អាស៊ានរួមទាំងសន្តិភាពក្នុងតំបន់ត្រូវបានថែរក្សា៕





