EU គ្រោងទទួលស្វាគមន៍ក្រុមមន្រ្តីចិន សម្រាប់ការពិភាក្សាអំពីរ៉ែកម្រ
28-10-2025 17:34
(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា គណៈប្រតិភូចិនមួយក្រុម នឹងមកកាន់ទីក្រុងព្រុចសែល នាប៉ុន្មានសប្តាហ៍ខាងមុខ សម្រាប់កិច្ចពិភាក្សាគ្នា ជុំវិញបញ្ហារឹតបន្តឹងរបស់ប៉េកាំង លើការនាំចេញរ៉ែកម្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០២៥។
លោក Costa បានឱ្យដឹងថា លោកបានពិភាក្សាអំពីបញ្ហានេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៉ី។ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបានប្រាប់អ្នកយកព័ត៌មាន ដូច្នេះថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន» ពិសេសការគ្រប់គ្រងការនាំចេញលើ វត្ថុធាតុដើមសំខាន់ៗ។ គណៈប្រតិភូជាន់ខ្ពស់ចិននឹងទៅទីក្រុងព្រុចសែល ហើយយើងសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាបានតាមវិធីត្រឹមត្រូវ»។
គួរបញ្ជាក់ថា ចិន ដែលជាប្រទេសផលិតរ៉ែដ៏កម្រលំដាប់កំពូលរបស់ពិភពលោក និងមានសារៈសំខាន់ចំពោះឧស្សាហកម្មរថយន្ត គ្រឿងអេឡិចត្រូនិច សម្ភារការពារជាតិ បានប្រកាសកាលពីដើមខែនេះអំពីវិធានការថ្មីៗ ដើម្បីកំណត់ការនាំចេញសារធាតុទាំងនោះ៕



