FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសជាប់ចោទធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវឡើងសវនាការនៅថ្ងៃអង្គារនេះ ចំថ្ងៃទស្សនកិច្ចរបស់លោក ត្រាំ (Video inside)

28-10-2025 09:41

(តូក្យូ)៖ បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ក្នុងសំណុរឿងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងត្រូវឡើងសវនាការជំនុំជម្រះនៅថ្ងៃអង្គារ ទី២៨ ខែតុលា ៣ឆ្នាំក្រោយការធ្វើឃាត អតីតនាយករដ្ឋមន្ត្រីកាន់តំណែងបានយូរជាងគេរបស់ជប៉ុន ដោយបង្កឱ្យភាពរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុននៅពេលនោះជាទីដែលឧក្រិដ្ឋបាញ់សម្លាប់មនុស្ស និងហិង្សានយោបាយកម្រ នឹងកើតឡើងណាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សវនាការជំនុំជម្រះខាងលើត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះជាថ្ងៃតែមួយដែលសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Abe គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុន។ ជនជាប់ចោទឈ្មោះ Tetsuya Yamagami មានអាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ក្រោយរូបគេបាញ់ប្រហារលើលោក Abe កាលពីខែកក្កដា ឆ្នាំ២០២២ ក្នុងពេលដែល លោកអតីតនាយករដ្ឋមន្ត្រីជប៉ុនកំពុងថ្លែងសុន្ទរកថាអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

ជនឈ្មោះ Yamagami បានចោទលោក Abe ថាបានជួយជ្រោមជ្រែង Unification Church ជាក្រុមសាសនាមួយដែលរូបគេមានគំនុំខឹងសម្បារដោយសារតែម្ដាយរបស់ខ្លួនបានបរិច្ចាគប្រាក់អស់ ៦៦៣ ២១៨ដុល្លារឱ្យក្រុមសាសនាមួយនេះ។ Unification Church ត្រូវបានបង្កើតឡើងក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៥៤ ហើយមានឥទ្ធិពលខ្លាំងក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ថា នៅបន្ទាប់ពីសវនាការជំនុំជម្រះដែលគ្រោងនឹងចាប់ផ្ដើមនៅម៉ោង ២រសៀលថ្ងៃអង្គារនេះ (ម៉ោងនៅជប៉ុន) សវនាការចំនួន១៧លើកបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅមុនដំណាច់ឆ្នាំនេះ ពោលគឺ ឱ្យបានមុនការប្រកាសសាលក្រមនៅថ្ងៃទី២១ ខែមករា ឆ្នាំក្រោយ៕