FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងយល់ពីប្រទេស ទីម័រ (Timor-Leste) ដែលទើបក្លាយជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ (Video inside)

26-10-2025 23:25

(ទីម័រ)៖ ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ប្រទេសទីម័រ (Timor-Leste) មានឈ្មោះផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-លេស្ទេ (Democratic Republic of Timor-Leste) គឺជាប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះស្ថិតនៅភាគខាងកើតនៃកោះទីម័រ និងមានព្រំប្រទល់ជាប់នឹងប្រទេសឥណ្ឌូនេស៊ីនៅភាគខាងលិច។

ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១១។ ទីម័រខាងកើត ជាប្រទេសអាស៊ីអាគ្នយ៍ទីពីរ បន្ទាប់ពីហ្វីលីពីនដែលមានប្រជាជនភាគច្រើនអ្នកកាន់សាសនាគ្រិស្ត។

ប្រជាជននៃប្រទេសទីម័រ-លេស្តេ (Timor-Leste) នៅចន្លោះឆ្នាំ ២០២៥ ត្រូវបានប៉ាន់ស្មានថា មានចំនួនប្រហែល ១,៤១៨,៥១៧ នាក់។ កំណើនប្រជាជនប្រចាំឆ្នាំស្ថិតនៅប្រហែល ១.២៨%។ ប្រជាជននេះគឺស្មើនឹងប្រហែល ០.០១៧% នៃប្រជាជនពិភពលោក ។

រាជធានី៖ ទីលី (Dili)
ផ្ទៃដី៖ ប្រហែល ១៤,៩៥០ គីឡូម៉ែត្រការ៉េ
ប្រជាជន៖ ប្រហែល ១,៤១៨,៥១៧ នាក់ (ឆ្នាំ ២០២៥)
ភាសាផ្លូវការ៖ ព័រទុយហ្គាល់ និង តេតុង (Tetum)
សាសនា៖ ប្រជាជនប្រហែល ៩៧.៦% ជាសាសនាចក្រកាតូលិក
ប្រធានាធិបតី៖ លោក José Ramos-Horta
នាយករដ្ឋមន្ត្រី៖ លោក Xanana Gusmão

ប្រវត្តិសាស្ត្រទីម័រ-លេស្ទេធ្លាប់ជាអាណានិគមរបស់ព័រទុយហ្គាល់ ចាប់ពីសតវត្សទី ១៦ រហូតដល់ឆ្នាំ ១៩៧៥។ បន្ទាប់ពីការប្រកាសឯករាជ្យក្នុងឆ្នាំ ១៩៧៥ ប្រទេសនេះត្រូវបានឥណ្ឌូនេស៊ីចូលលុកលុយ និងបញ្ចូលជាខេត្តមួយរបស់ខ្លួន។ ការតស៊ូដើម្បីឯករាជ្យបន្តរយៈពេលជាង ២៤ឆ្នាំ ដោយមានការគាំទ្រពីសហប្រជាជាតិ។ នៅឆ្នាំ១៩៩៩ ប្រជាជនបានបោះឆ្នោតជ្រើសរើសឯករាជ្យ ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០០២ ទីម័រ-លេស្ទេបានក្លាយជាប្រទេសឯករាជ្យជាផ្លូវការ។ សេដ្ឋកិច្ចទីម័រ ពឹងអាស្រ័យខ្លាំងលើប្រេងនិងឧស្ម័ន។ ដែនដីដែលស្ថិតនៅក្នុង ចំណោមបណ្តាកោះទាំងជាង ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានមនុស្សដំបូងមកតាំងទីលំនៅកាលពី ៤២,០០០ឆ្នាំមុនម្ល៉េះ។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមានវ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី​ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ហើយនៅពេលតំណាលគ្នានោះដែរ ប្រទេសនេះបានក្លាយ ជាសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍នៃបណ្តាប្រទេសនិយាយ​ភាសាព័រទុយហ្គាល់ផងដែរ។ ទម្រាំទទួលបានឯករាជ្យ ទីម័រខាងកើត បានទទួលរងនូវទុក្ខវេទនា ជាពិសេសអំពើហិង្សា និងទុរភិក្សកាលពីអំឡុងឆ្នាំ ១៩៧៤ ដល់ ១៩៩៩ ដែលបានសម្លាប់មនុស្ស រហូតដល់ ១០២,៨០០នាក់ឯណោះ។

ដោយសារតែជាប្រទេសថ្មីថ្មោង និងមានប្រជាជនតិចផងនោះ រដ្ឋាភិបាលទីម័រខាងកើត បានដើរតួនាទីយ៉ាងសស្រាក់ សស្រាំបំផុតដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ដែលប្រទេសពាក់កណ្តាលដីកោះនេះ បានពឹងតែផ្អែកស្ទើរទាំង ស្រុងទៅលើពាណិជ្ជកម្មប្រេង ហើយប្រាក់ចំណូលបានមកពីការលក់ប្រេង បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ព្រះសង្ឃប៉ាបផ្រានស៊ីស (Pope Francis) បានធ្វើដំណើរទស្សនកិច្ចដ៏ប្រវត្តិសាស្ត្រមកកាន់ប្រទេសទីម័រ-លេស្តេ (Timor-Leste) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤។ នេះជាការទស្សនកិច្ចលើកដំបូងរបស់សមាជិកសាសនាចៅសកលមកកាន់ប្រទេសនេះ ចាប់តាំងពីប្រទេសទីម័រ-លេស្តេទទួលបានឯករាជ្យក្នុងឆ្នាំ ២០០២៕