ប្រមុខការទូតកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចទៅកាន់រុស្ស៉ី និងបេឡារុស
26-10-2025 13:54
(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងបេឡារុស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយមិនបានបង្ហើបឱ្យដឹងពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើការដកស្រង់ការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឱ្យដឹងថាលោកស្រី Choe នឹងធ្វើទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៉ី និងសាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញពីក្រសួងការបរទេសរុស្ស៉ី និងបេឡារុស។ សេចក្ដីប្រកាសពីដំណើរទស្សនកិច្ចនេះដែរធ្វើឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកធ្លាប់បានរាយការណ៍ថាក្រុមមន្ត្រីមកពីរដ្ឋបាលលោក ត្រាំ បានបើកកិច្ចពិភាក្សាជាលក្ខណៈឯកជនស្ដីពីលទ្ធភាពនៃការរៀបចំជំនួបរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោក ត្រាំ ផ្ទាល់ក៏ធ្លាប់បានលើកឡើងដែរថារូបលោកសង្ឃឹមថាអាចនឹងបានជួបលោក គីម នៅក្នុងឆ្នាំនេះ បន្ទាប់ពីមេដឹកនាំទាំង២ បានជួបគ្នាលើកចុងក្រោយបំផុតកាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ថ្មីៗនេះបានជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នាឱកាសចូលរួម ពិធីព្យុហយាត្រាមួយក្នុងទីក្រុងប៉េកាំងកាលពីខែកញ្ញា ដើម្បីរំឮកដល់ការសុំចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២។ ទំនាក់ទំនងរវាងព្យុងយ៉ាង និងមូស្គូ មានភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ក្នុងពេលប៉ុន្មានថ្មីៗនេះ ដោយក្នុងនោះកូរ៉េខាងជើងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន៕

