លោក គីម ជុងអ៊ុន៖ ចំណងទាក់ទងយោធាកូរ៉េខាងជើង-រុស្ស៉ី នឹងបន្តវិវត្តទៅមុខឥតឈប់ឈរ (Video inside)
24-10-2025 14:03
(ព្យុងយ៉ាង)៖ នាថ្ងៃសុក្រ ទី២៤ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ភាតរភាពយោធារវាងប្រទេសរបស់លោក និងប្រទេសរុស្ស៉ី គឺនឹងបន្តវិវត្តទៅមុខឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក គីម បានធ្វើការអត្ថាធិប្បាយដូចខាងលើ អំឡុងពិធីបើកការដ្ឋានសាងសង់កន្លែងគោរពវិញ្ញាណក្ខន្ធ សម្រាប់ទាហានកូរ៉េខាងជើងទាំងឡាយ ដែលបានបាត់បង់ជីវិត ពេលជួយកងទ័ពរុស្ស៉ីប្រយុទ្ធក្នុងសមរភូមិ នៅតំបន់ Kursk នៃប្រទេសរុស្ស៉ី អំឡុងសង្រ្គាមរបស់ទីក្រុងមូស្គូ ដែលកំពុងបន្តជាមួយអ៊ុយក្រែន។ លោក គីម បានបន្ថែមថា បញ្ហាប្រឈមនានា ដែលបង្កឡើងដោយការប្រើអំណាចគ្របសង្កត់ នឹងមិនអាចរារាំងទំនាក់ទំនងនៃប្រទេសទាំងពីរជាដាច់ខាត។
គួរបញ្ជាក់ថា លោក គីម និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមក កាលពីពាក់កណ្តាល ឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះ កូរ៉េខាងជើង បានបញ្ជូនកងទ័ព គ្រាប់កាំភ្លើងធំ និងមីស៉ីល ទៅរុស្ស៉ី ដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ តាមការវាយតម្លៃរបស់ទីក្រុងកៀវនិងកូរ៉េខាងត្បូង កូរ៉េខាងជើង បានបញ្ជូនទាហានប្រហែលជាង១០ ០០០នាក់ ទៅជួយសង្រ្គាមរបស់រុស្ស៉ី ហើយប្រហែល២០០០នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នា៕


