ក្រុមនិស្សិតនៅឥណ្ឌូណេស៉ី គ្រោងធ្វើបាតុកម្មចំគម្រប់ខួប១ឆ្នាំ នៃការឡើងកាន់អំណាចរបស់ប្រធានាធិបតី លោក Prabowo (Video inside)
20-10-2025 16:44
(ហ្សាការតា)៖ ក្រុមនិស្សិតនៅក្នុងប្រទេសឥណ្ឌូណេស៉ី កំពុងរៀបគម្រោងធ្វើបាតុកម្មនៅរដ្ឋធានីហ្សាការតា ដើម្បីប្រឆាំងរដ្ឋាភិបាល ស្របពេលដែលប្រធានាធិបតី លោក Prabowo Subianto កាន់អំណាចបានគ្រប់១ឆ្នាំគត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥។
សមាគមនិស្សិតហៅកាត់ថា BEM SI បាននិយាយថា ក្នុងថ្ងៃចន្ទនេះ ការប្រមូលផ្តុំគ្នាតវ៉ា នឹងត្រូវធ្វើឡើងនៅក្បែរវិមានប្រធានាធិបតី ដើម្បីប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល។ BEM SI បានប្រកាសបែបនេះ តាមបណ្តាញ Instagram ជាមួយពាក្យ hashtags #1YearIsEnough ដែលមានន័យថា ១ឆ្នាំគឺគ្រប់គ្រាន់ ហើយនិង #1YearOfContinuousProblems ដែលមានន័យថា ១ឆ្នាំពោរពេញដោយបញ្ហាឥតឈប់ឈរ។ សមាគម BEM SI បានបន្តថា ដោយមើលឃើញស្ថានភាពដឹកនាំរយៈពេល១ឆ្នាំមកនេះ របស់រដ្ឋាភិបាលលោក Prabowo គឺធ្វើឱ្យពួកគេព្រួយបារម្ភជាខ្លាំង អំពីអនាគតរបស់ប្រទេសឥណ្ឌូណេស៉ី។
គួរបញ្ជាក់ថា គម្រោងបាតុកម្មថ្មីខាងលើនេះ គឺកើតមានបន្ទាប់ពី២ខែមុន បាតុកម្មបានផ្ទុះឡើងយ៉ាងកក្រើកទូទាំងប្រទេស ដឹកនាំដោយក្រុមនិស្សិត ប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល ព្រមទាំងគម្រោងផ្តល់អត្ថប្រយោជន៍បន្ថែមដល់តំណាងរាស្រ្ត។ នៅពេលនោះ ក្រោយមានករណីអ្នកដឹកជញ្ជូនម្នាក់ ត្រូវបានរថយន្តប៉ូលិសបុកស្លាប់ថែមទៀត ការតវ៉ាបានវិវត្តកាន់តែក្តៅគគុក រហូតនាំឱ្យមានមនុស្សស្លាប់សរុប១០នាក់ និងរបួសជាង១០០០នាក់។ វាគឺជាការធ្វើតេស្តដ៏ធំមួយ សម្រាប់អាណត្តិរបស់លោក Prabowo ចាប់តាំងពីលោក បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីឆ្នាំមុន៕


