Reuters៖ ហាម៉ាស ចង់រក្សាតួនាទីនៅហ្កាហ្សា ហេីយប្តេជ្ញាមិនរំសាយអាវុធ
18-10-2025 18:24
(ដូហា, កាតា)៖ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters មន្រ្តីជាន់ខ្ពស់ហាម៉ាស បានលេីកពីបំណងរក្សាការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ហ្កាហ្សាអំឡុងពេលបណ្តោះអាសន្នមួយ ដោយបន្ថែមថាលោកក៏មិនអាចប្តេជ្ញាចិត្តជុំវិញការរំសាយអាវុធនៃក្រុមរបស់ខ្លួននោះដែរ។ នេះបេីយោងតាមការចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ ២០២៥។
សមាជិកការិយាល័យនយោបាយហាម៉ាស លោក Mohammed Nazzal បាននិយាយទៀតថា ក្រុមរបស់ខ្លួនត្រៀមរួចជាស្រេចសម្រាប់បទឈប់បាញ់រហូតដល់ ៥ឆ្នាំ ដើម្បីកសាងតំបន់ហ្កាហ្សា ជាមួយនិងការធានាចំពោះអ្វីដែលអាចកើតឡើងនៅពេលក្រោយ ដោយអាស្រ័យលើការផ្តល់ភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន។
ថ្លែងទៅកាន់ Reuters នៅក្នុងបទសម្ភាសន៍ពីទីក្រុង Doha ប្រទេសកាតា ជាកន្លែងដែលអ្នកនយោបាយហាម៉ាស់ស្នាក់នៅជាយូរមកហើយនោះ លោក Nazzal បានការពារការបង្រ្កាបលេីក្រុមមួយនៅហ្កាហ្សាថា វាតែងតែមានវិធានការពិសេសអំឡុងពេលសង្រ្គាម ហើយអ្នកដែលត្រូវប្រហារជីវិតគឺជាឧក្រិដ្ឋជនដែលមានកំហុសសម្លាប់មនុស្ស។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Nazzal បានបង្ហាញពីឧបសគ្គដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សាទាំងស្រុង ប៉ុន្មានថ្ងៃបន្ទាប់ពីដំណាក់កាលទីមួយនៃបទឈប់បាញ់ត្រូវបានយល់ព្រម។ វាជាគម្លាតដ៏ធំរវាងហាម៉ាស និងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់តំបន់នេះមុនពេលមានការចរចាបន្ទាប់ ដែលគេរំពឹងថាអាចឱ្យហាម៉ាសរំសាយអាវុធ និងការដាក់ចេញនូវរបៀបគ្រប់គ្រងថ្មី៕