Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកនិងប្រេស៉ីល កំពុងរៀបចំជំនួប Trump-Lula បន្ទាប់ពីភាពតានតឹងដោយសារបញ្ហាពន្ធ (Video inside)

17-10-2025 15:58

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក និងប្រេស៉ីល បានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយភាគីទាំងសងខាង បានកំណត់កាលបរិច្ឆេទនៃជំនួបរវាង លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី Luiz Inacio Lula da Silva នាពេលឆាប់ៗក្នុងឱកាសណាមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីការបរទេសប្រេស៉ីល​ លោក Mauro Vieira បានជួបប្រជុំក្នុងទីក្រុងវ៉ាស៉ីតោន ដែលជាការប្រាស្រ័យទាក់ទងផ្នែកការទូត បន្ទាប់ពីជាប់គាំងអស់ជាច្រើនខែ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមគណៈប្រតិភូ បានឱ្យដឹងថា ពួកគេនឹងពិភាក្សាលើចំណុចច្រើនទៀតនាពេលខាងមុខ ហើយបង្កើតផ្លូវឆ្ពោះទៅមុខ ទោះជាមិនទាន់មានពេលវេលាកំណត់ជាក់លាក់ សម្រាប់ជំនួប Trump-Lula ដូចដែលបានស្នើឡើងក៏ដោយ។

គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ ទំនាក់ទំនងអាមេរិក និងប្រេស៉ីល ហាក់ល្អក់កករ ក្រោយលោក ត្រាំ សម្រេចបង្កើនពន្ធលើការនាំចូលទំនិញពីប្រេស៉ីល រហូតដល់អត្រា ៥០ភាគរយ ដោយភ្ជាប់ចំណាត់ការនេះ ទៅនឹងសកម្មភាពប្រឆាំងអតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro៕