Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេតវិមាន អះអាងថា ឥណ្ឌាបានកាត់បន្ថយការនាំចូលប្រេងរុស្ស៉ី៥០ភាគរយហើយ ក្រោយកិច្ចពិភាក្សាជាមួយអាមេរិក (Video inside)

17-10-2025 13:27

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា មន្រ្តីសេតវិមានបានអះអាងថា កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងឥណ្ឌា បានប្រព្រឹត្តទៅប្រកបដោយផលិតភាព ហើយឥណ្ឌាបានកាត់បន្ថយការនាំចូលពីប្រេងពីរុស្ស៉ីប្រមាណ៥០ភាគរយរួចជាស្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យ៉ាងណាមិញ ប្រភពពីក្នុងប្រទេសឥណ្ឌាផ្ទាល់ បានឱ្យដឹងថា ការកាត់បន្ថយ នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ប៉ុន្តែវាអាចត្រូវឆ្លុះបញ្ចាំងឱ្យឃើញ ក្នុងតួលេខនៃការនាំចូលប្រេង សម្រាប់ខែធ្នូចុងឆ្នាំនេះ ឬខែមករាដើមឆ្នាំក្រោយ។ ប្រភពដដែល បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌា មិនទាន់បានជូនដំណឹងជាផ្លូវការ ដល់បណ្តាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា ស្តីពីសំណើបន្ថយការនាំចូល​ពីរុស្ស៉ីនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយរូបលោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៉ី ប៉ុន្មានខែបន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធគយលើទំនិញនាំចូលពីឥណ្ឌា៕