អ៊ុយក្រែន ថាការវាយប្រហាររបស់រុស្ស៉ី ប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស (Video inside)
17-10-2025 11:01
(កៀវ)៖ យោងតាមប្រតិបត្តិករថាមពលអគ្គិសនីជាតិ អ៊ុយក្រែនបានកំណត់ពេលផ្តាច់ចរន្តអគ្គិសនី រយៈពេលពីរថ្ងៃជាប់គ្នា មកទល់នឹងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលរុស្ស៉ីបង្កើនការវាយប្រហារលើបណ្តាញថាមពល ចំពេលអាកាសធាតុចុះត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ ២០២៥។
កងទ័ពរុស្ស៉ី បានវាយប្រហាររោងចក្រឧស្ម័ន នៅភាគខាងកើតអ៊ុយក្រែន បណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ។ ប្រតិបត្តិករអគ្គិសនីរដ្ឋ Ukrenergo បានឱ្យដឹងថា ការផ្តាច់ភ្លើងតាមម៉ោងកំណត់ គឺដើម្បីបែងចែកថាមពលអគ្គិសនី គ្រាដែរអាជ្ញាធរជំរុញឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់។ អ្នកការសែត AFP នៅតំបន់ Kharkiv និយាយថា ស្រុកនានាត្រូវស្ថិតក្នុងសភាពងងឹត ហាងជាច្រើនដំណើរការដោយពឹងផ្អែកលើម៉ាស៉ីនភ្លើង។
កងទ័ពរុស្ស៉ីទទួលស្គាល់ថា បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើប្រាស់មីស៉ីលផ្លោង និងយន្តហោះដ្រូន ទៅលើរោងចក្រឧស្ម័នរបស់អ៊ុយក្រែន។ ទីក្រុងកៀវ ចាត់ទុកជាការវាយប្រហារទ្រង់ទ្រាយធំថ្មីចុងក្រោយរបស់រុស្ស៉ី លើបណ្តាញថាមពលរបស់ខ្លួន ខណៈរដូវរងាកាន់តែខិតជិតមកដល់៕