Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ គំរាមទៅសម្លាប់ក្រុមហាម៉ាស បើការសម្លាប់មនុស្សនៅតែបន្តកើតមាននៅហ្កាហ្សា (Video inside)

17-10-2025 10:16

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា បានគំរាមថានឹងទៅសម្លាប់ក្រុមហាម៉ាស ប្រសិនបើចលនាតស៊ូប៉ាឡេស្ទីនមួយនេះ បន្តសម្លាប់មនុស្សនៅក្នុងតំបន់ហ្កាហ្សា ដោយទំនងជាលោកចង់សំដៅលើការបាញ់សម្លាប់មនុស្សដែលក្រុមហាម៉ាសចោទថាជាពួកជនអន្ធពាល និងអ្នកគប់គិតជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា នៅបន្ទាប់ពីមានបទឈប់បាញ់ជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការគំរាមខាងលើរបស់លោក ត្រាំ ធ្វើឡើងនៅបណ្ដាញទំនាក់ទំនងសង្គម Truth Social។ លោក ត្រាំ បានគំរាមដូច្នេះថា «ប្រសិនបើក្រុមហាម៉ាសនៅតែបន្តសម្លាប់មនុស្ស នៅក្នុងតំបន់ហ្កាហ្សា...យើងនឹងមិនមានជម្រើសអ្វីផ្សេងឡើយក្រៅតែពីទៅសម្លាប់ពួកគេ»។ លោក ត្រាំ មិនបានបញ្ជាក់លម្អិតថាតើពាក្យថា «យើង» មានន័យយ៉ាងណា ឬមាន នរណាខ្លះនឹងចូលរួមនោះទេ។ ប៉ុន្តែកាលពីថ្ងៃពុធ លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅក្នុងតំបន់ហ្កាហ្សានោះទេ ហើយថាអ្នកផ្សេងនឹងធ្វើរឿងនេះជំនួស សហរដ្ឋអាមេរិក។ ទោះមិនបានបង្ហើបថាជានរណា តែគេអាចដឹងថាលោកចង់សំដៅលើអ៉ីស្រាអែល។

គួរបញ្ជាក់ថា ការគំរាមខាងលើរបស់លោក ត្រាំ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាលោកមិនជំទាស់នោះទេចំពោះការបង្រ្កាប របស់ក្រុមហាម៉ាសលើពួកជនអន្ធពាល។ លោក ត្រាំ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បានលើកឡើងថា «ពួកគេកំពុងសម្លាប់ពួកជនអន្ធពាលដែលអាក្រក់បំផុត និងជាពួកអន្ធពាល ដ៏អាក្រក់។ ពួកគេកំពុងសម្លាប់សមាជិកពួកជនអន្ធពាល ហើយវាមិនរំខានអ្វីដល់ខ្ញុំទេ»